ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការរងនគរបាលជាតិ៖ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
អគ្គស្នងការរងនគរបាលជាតិ៖ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ អគ្គស្នងការរងនគរបាលជាតិ៖ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ បានក្រើនរំលឹកដល់នគរបាលអន្តរាគមន៍ និងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែកំចាត់ចោលភ្លាម ចំពោះក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបានលើកឡើងដូចនេះ ក្នុងឱកាផ្តល់រថយន្តជិត ២០គ្រឿង និងសំណេះសំណាល ជាមួយអង្គភាពនគរបាលអន្តរាគមន៍ និងការពារព្រំដែន នៅអង្គភាពនគរបាលអន្តរាគមន៍ ។

លោក ខេង សុមេធ បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះ ក្រុមចលនាឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលទង្វើទាំងនេះ គឺបង្ហាញឲ្យឃើញថា ពួកទាំងនោះប្រឆាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតចលនាសង្រ្គោះជាតិដើម្បីបង្កអសន្តិសុខក្នុងប្រទេស។

លោកបន្ដថា ដូចជាការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ ការគ្រោងបង្កើតតំបន់អនុប្បគមន៍នៅតាមព្រំដែន ការពង្រឹងខ្សែរយៈចាត់តាំងការជ្រើសរើស សកម្មជនតាមខេត្ត ការញុះញង់គៀងគរកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ពលករ និងពល រដ្ឋការប្រើសង្រ្គាមចិត្តសាស្រ្ត ដើម្បីបំពុលព័ត៌មាន តាមសង្គមអ្វីជាដើមនោះ។

លោក ខេង សុមេធ បានសង្កត់ធ្ងន់ថា «ក្នុងនាមកងកម្លាំងប្រដាប់អាវុធ គឺត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវត្រៀមខ្លួន គ្រប់ពេលវេលាដើម្បីស្តាប់បទបញ្ជារបស់ថ្នាក់ដែលដាក់ជូន ខណៈក្រុមឧទ្ទាមក្រៅច្បាប់ព្យាយាមធ្វើសកម្មភាពណាមួយ ដែលនាំឲ្យប្រទេសជាតិមានភាពវឹកវរជាដើមនោះ»។

ជាមួយគ្នានេះ លោក ខេង សុមេធ ក៏បានអំពាវនាវដល់នគរបាលទាំងអស់ ត្រូវតែថែរក្សាឲ្យបានខ្ចាប់ខ្ជួន នូវសម្ភារបរិក្ខារបស់ខ្លួន ដែលថ្នាក់លើប្រគល់ឲ្យ ហើយមិនត្រូវតែត្រៀមខ្លួនជានិច្ច សម្រាប់អន្តរាគមន៍ ខណៈដែលថ្នាក់ដឹកនាំបញ្ជានោះ៕

អត្ថបទទាក់ទង