លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រាក់ខែមន្រ្តីរាជការនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រាក់ខែនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំក្នុងវិស័យអប់រំ សុខាភិបាល គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះគេសន្យាថានឹងឱ្យប្រាក់ខែមន្រ្តីរាជការលើសយើង១០ដង ដែលត្រូវបានលោកចោទជាសំណួរថាតើបានថវិកាមកពីណាដើម្បីបើកឱ្យនោះ ហើយលោកបានចាត់ទុកថានេះគ្រាន់តែជាការលើកឡើងឱ្យតែបានប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលសព្វថ្ងៃកំពុងតែលើកកម្ពស់ជីវភាពមន្រ្តីរាជការឱ្យកើនឡើងជារៀងរាល់ឆ្នាំ៕