ខ្មែរប៉ុស្ដិ៍ Close

ទ្វារចរចាគ្មានពន្លឺ ខណៈឧក្រិដ្ឋជន សម រង្ស៊ី កំពុងជ្រួលច្របល់ចង់ចូលស្រុកដោយគ្មានសង្ឃឹម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 37
ទ្វារចរចាគ្មានពន្លឺ ខណៈឧក្រិដ្ឋជន សម រង្ស៊ី កំពុងជ្រួលច្របល់ចង់ចូលស្រុកដោយគ្មានសង្ឃឹម ទ្វារចរចាគ្មានពន្លឺ ខណៈឧក្រិដ្ឋជន សម រង្ស៊ី កំពុងជ្រួលច្របល់ចង់ចូលស្រុកដោយគ្មានសង្ឃឹម

ទីបំផុតពន្លឺចរចាគ្មានសល់ទៀតទេជាមួយឧក្រិដ្ឋជន សម រង្ស៊ី ខណៈពេលដែលមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានដើរហួសបន្ទាត់ក្រហមនៃនីតិរដ្ឋ និងផ្លូវលទ្ធិប្រជាធិបតេយ្យ ដែលបាននិងកំពុងនាំឆ្ពោះទៅរកការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងដូររបបរាជានិយម។ ថ្មីៗនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះច្រះច្រាលយ៉ាងអន្ទៈសារស្នើ​ដល់​ក្រុម​អ្នកតំណាងរាស្ត្រ​សេរីនិយម និង​ប្រទេស​ធំៗ​នៅ​អឺរ៉ុប រួមគ្នា​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​បើកផ្លូវ​ឱ្យ​ខ្លួន​និង​អ្នកគាំទ្រ​ទាំងអស់វិល​ចូល​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ដោះលែង​សកម្មជន​ប្រឆាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​មួយ​ដោយ​ជឿ​ទុក​ចិត្ត​បាន។

ជាការពិត ទ្វារសម្រាប់បើកឱ្យមានការចរចា គឺគ្មានឡើយជាមួយឧក្រិដ្ឋជន សម រង្ស៊ី ដែលជាមេដឹកនាំរដ្ឋប្រហារដ៏មហាគ្រោះថ្នាក់សម្រាប់ប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ហើយពេលវេលាសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់កាន់តែខិតជិតមកដល់ ខណៈពេលដែលដំណើរវិលត្រឡប់ពិតប្រាកដ កំពុងឋិតក្នុងសភាពមិនប្រាកដប្រជា និងមិនអាចធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិជឿបានឡើយ។ មហាជនទូទៅបានចាត់ទុកថា ការវិលត្រឡប់ចូលស្រុករបស់ឧក្រិដ្ឋជន សម រង្ស៊ី នឹងអាចនាំគ្រោះថ្នាក់ដល់​ប្រទេស បង្ករអសន្តិសុខ អស្ថិរភាព និងគ្មានសណ្តាបធ្នាប់កាន់តែខ្លាំងឡើងដែលមិនអាចទទួលយកបានឡើយ។ មានកត្តាជាច្រើនដែលមហាជនទូទៅបានមើលឃើញថា វាគ្មានពន្លឺធ្វើឱ្យមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះមិនអាចចូលស្រុកវិញបាន ដោយសារទង្វើចុងក្រោយថ្មីៗនេះរបស់ សម រង្ស៊ី បានបំផុស និងញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធងាកមកគាំទ្រខ្លួន ហើយបែរចុងកាណុងមកប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំកើតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋអ្នកបោះឆ្នោតជាង៨៣%។ ហើយចុងក្រោយនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានប្រកាសយ៉ាងច្បាស់បំផុតនូវផែនការធ្វើរដ្ឋប្រហារ ដែលមិនត្រឹមតែផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែពួកគេអនុវត្តផែន​ការក្បត់រាជបល្ល័ង្គនាំឆ្ពោះដូររបបរាជានិយម ដែលពួកសាធារណៈរដ្ឋនិយមបានផ្តួលរំលំរបបសង្គមរាស្រ្ត​និយម​​របស់សម្តេច ព្រះនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០អញ្ចឹងដែរ។ ចលនាដូររបបរាជានិយមក្នុងអតីតកាលមិនខុសពីផែនការដ៏ទុច្ចរឹតរបស់ចលនាឧទ្ទាមក្រៅច្បាប់ដែលពួកគេកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ដែលមហាជនទូទៅបានមើលឃើញតាមរយៈការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ សម រង្ស៊ី ចំពោះព្រះចេស្តា ព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលបានហាមប្រាមប៉ះពាល់ដាច់ខាត។ ក្នុងអតីតកាលពួកសាធារណៈរដ្ឋបានជេរប្រមាថ សម្តេច ព្រះនរោត្តម សីហនុ ហើយបានចោទព្រះអង្គលក់ទឹកដីឱ្យយួនយៀកកុងកាលនោះ។ ឥឡូវស្រមោលអតីតកាលបានឆ្លងចូលក្នុងខួរក្បាលរបស់ពួកឧទ្ទាមក្រៅច្បាប់ ពិសេស សម រង្ស៊ី បានបើកសមរភូមិហ្វេសប៊ុករបស់ខ្លួនធ្វើជាទីលានវាយប្រហារជេរប្រមាថព្រះមហាក្សត្រឥតកោតក្រែង។

ផែនការរដ្ឋប្រហារ ប្រើប្រាស់លុយទិញទឹកចឹត្តកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាល និងទង្វើប្រមាថព្រះមហាក្សត្រខ្មែរពេលនេះ គឺជាភស្តុតាងជាក់ស្តែងបំផុតដែលកំពុងនាំឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាល រំលាយរដ្ឋធម្មនុញ្ញ និងដូររបបរាជានិយមយ៉ាងប្រាកដ។ ហើយភស្តុតាងជាក់ស្តែងនេះបានបង្ហាញច្បាស់ថា ឧក្រិដ្ឋជន សម រង្ស៊ី និងគូកនបានដើរចេញពីផ្លូវប្រជាធិបតេយ្យទាំងស្រុង ហើយងាកមកប្រើប្រាស់អំពើហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ទៅវិញ។

សម្រាប់មជ្ឈដ្ឋាជាតិ និងអន្តរជាតិបាននិងកំពុងមើលឃើញយ៉ាងច្បាស់នូវទង្វើក្បត់ជាតិ ជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល និងដូររបបរាជានិយមមួយ ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ពិសេស ផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងរបបរាជានិយមទី២សព្វថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការកសាង និងការអភិវឌ្ឍឡើងវិញសម្រាប់កម្ពុជាទាំងមូល។

ដូច្នេះ ដោយសារតែទង្វើរដ៏មហាគ្រោះថ្នាក់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន រាជរដ្ឋាកម្ពុជាមិនអាចចរចាជាមួយឧក្រិដ្ឋជនរូបបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវមានកតាព្វកិច្ចស្របច្បាប់ ដើម្បីការពាររបបរាជានិយមផង និងការពាររាជរដ្ឋាភិបាលស្របច្បាប់ផង ពិសេស ត្រូវការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម ព្រមទាំងសេចក្តីសុខសាន្តសម្រាប់ប្រជាជនទូទៅផង។ ហើយករណីគ្មានបរទេសណាអាចជ្រៀតជ្រែក ឬ ដាក់សម្ពាធមកលើរដ្ឋអធិបតេយ្យមួយបានឡើយ។

ជារួម នាវាពិតជាបានលាផែ មិនអាចវិលត្រឡប់វិញបានឡើយ ហើយនឹងរសាត់អណ្តែតដូចចកគ្មានទីចំណត ក្នុងមហាសាគរនោះយ៉ាងប្រាកដ។ ហើយអំណឹះតទៅ ជីវិតនយោបាយរបស់ឧក្រិដ្ឋជន សម រង្ស៊ី នឹងត្រូវចប់ក្នុងសភាពក្បាលមិនជាប់មេឃ ជើងទល់ដី ដោយសារតែអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្គ រំលំរបបរាជានិយម ប្រមាថអង្គព្រះមហាក្សត្រ ប្រៀបបានកំពុងធ្លាក់ចូលក្នុងជ្រោះមរណៈខាងផ្លូវនយោបាយដែលមិនអាចឱ្យទេវតាសង្រ្គោះបានឡើយ។ ដូច្នេះ ទ្វារចរចាត្រូវបានបិទ គ្មានបរទេសណាហ៊ានជួយឧក្រិដ្ឋនជនរូបនេះ ហើយក៏គ្មានអ្នកស្ម័គ្រស្លាប់ ឬ ត្រូវជាប់គុកដោយសារដើរតាមហែរហមជាមួយនឹង សម រង្ស៊ី បានឡើយ។ ការវិលត្រឡប់ដោយប្រថុយប្រថាន នឹងច្បាស់ជាទទួលហានិភ័យតាមផ្លូវច្បាប់យ៉ាងប្រាកដ៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង