ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ប៊ុលហ្ការី ប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
កម្ពុជា-ប៊ុលហ្ការី ប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ កម្ពុជា-ប៊ុលហ្ការី ប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ

នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់រៀបចំឡើងដោយលោកស្រី អេកាតេរីណា ហ្សាខារីអេវ៉ា ក្នុងនាមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្ការី។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ជាច្រើនរូប។

ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពថ្មីៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋប៊ុលហ្ការីសម្រេចបាន ជាពិសេសជាប្រទេសមួយដែលបានក្លាយជាសមាជិករបស់អង្គការណាតូនៅឆ្នាំ២០០៤ និងជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ២០០៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះរដ្ឋាភិបាល ប៊ុលហ្គារី ដែលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ៩០ ដើម្បីកែប្រែសេដ្ឋកិច្ចតាមបែបផែនការ និងគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ លើទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលប៊ុលហ្គារី ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩។ កម្ពុជាក៏បានគាំទ្របេក្ខភាពប៊ុលហ្ការី ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩-២០២១ និងគាំទ្រលោកសាស្រ្តាចារ្យ Valina Todorova ជាសមាជិកគណៈកម្មាធិការសិទ្ធិកុមារសម្រាប់អាណត្តិឆ្នាំ២០១៧-២០២០ របស់អង្គការសហប្រជាជាតិ និងគាំទ្រប៊ុលហ្ការី ក្នុងគណៈកម្មាធិការស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តីសម្រាប់ អាណត្តិឆ្នាំ២០១៥-២០១៨ របសអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី អេកាតេរីណា ហ្សាខារីអេវ៉ា ក៏បានប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុង ក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកពិសេសសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី។

សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូលនៃមេដឹកនាំរដ្ឋាភិបាលទាំងពីរ លោកនាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតកម្ពុជាចំនួន១០កន្លែង និងបានស្នើឲ្យមានការបើកស្ថានឯកអគ្គរដ្ឋទូតប៊ុលហ្ការីនៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទទាក់ទង