ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុចដល់ធនាគារជាតិដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុចដល់ធនាគារជាតិដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុចដល់ធនាគារជាតិដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា។ ដូច្នេះដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមនោះ លោក បានផ្តល់នូវអនុសាសសន៍សំខាន់ៗចំនួន៥ចំណុច។

អនុសាសន៍ទាំង៥ចំណុចនោះរួមមាន៖
ទី១- ធនាគារជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងហិរញ្ញវត្ថុ។ ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ ។

ទី២- ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពសំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។

ទី៣- ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពទំនើប ងាយស្រួលទទួលបាន តម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ទី៤- ធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ហើយត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទានដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានាដែលឤចកើតឡើងជាយថាហេតុទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ទី៥- ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ៕

អត្ថបទទាក់ទង