ខ្មែរប៉ុស្ដិ៍ Close

វិភាគនយោបាយ៖ តើត្រូវដុតផ្ទះ ដើម្បីតែចម្អិនពងមាន់មួយគ្រាប់ឬ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 79
វិភាគនយោបាយ៖ តើត្រូវដុតផ្ទះ ដើម្បីតែចម្អិនពងមាន់មួយគ្រាប់ឬ? វិភាគនយោបាយ៖ តើត្រូវដុតផ្ទះ ដើម្បីតែចម្អិនពងមាន់មួយគ្រាប់ឬ?

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកន បាននិងកំពុងនាំគ្នាប្រកូកប្រកាសកាន់តែរន្ថើនឡើងៗ ជុំវិញផែនការមាតុភូមិនិវត្តន៍របស់ពួកគេ ដែលមានទាំងអ្នកហែរហមអមដំណើរ ព្រមទាំងអ្នកចាំទទួលពីសំណាក់ពួកផ្កាប់មុខមួយចំនួនទៀត។ ក្រុមដែលដឹកនាំដោយមេឧទ្ទាមក្រៅច្បាប់ បាននិងកំពុងបើកយុទ្ធនាការរាប់ថយក្រោយ ទៅរកថ្ងៃ៩វិច្ឆិកា ដែលជាកាលបរិច្ឆេទ ដែលមេចលនាឧទ្ទាមក្រៅច្បាប់នេះ បានកំណត់ដាក់ចេញ​ ថាពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីសម្រេចគោលដៅធំៗចំនួន២ ទី១គឺដើម្បីចាប់លោក ហ៊ុន សែន និងទី២គឺដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ដើម្បីសម្រេចគោលដៅធំៗទាំង២ខាងលើនេះបាន ពួកគេត្រូវការប្រមូលកម្លាំងចូលរួមរបស់អ្នកគាំទ្រចលនាបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។ តាមផែនការដែលពួកឧទ្ទាមក្រៅច្បាប់បានប្រកាសដាក់ចេញ អាចឈានទៅរកគោលដៅនេះបាន ពួកគេនឹងប្រើប្រាស់កំលាំងអ្នកចូលរួម បង្កឱ្យមានចលាចល ការបំផ្ទុះកំហឹង ការបំផ្ទុះអំពើហិង្សា និងការបង្ហូរឈាម ជាមួយកំលាំងសមត្ថកិច្ច។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺវាសនាអ្នកចូលរួមក្នុងចលនាឧទ្ទាមក្រៅច្បាប់ ដែលពួកគេអាចនឹងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេលវេលា។ ក្នុងករណីមានការប៉ះទង្គិចគ្នាកើតឡើង ដូចការគ្រោងទុករបស់ទណ្ឌិតក្បត់ជាតិមែននោះ អ្នកចូលរួមអាចនឹងត្រូវរបួស ជាប់គុក ឬអាចស្លាប់បាត់បង់ជីវិតផង បើសិនជាស្ថានការធ្ងន់ធ្ងរ។

ដូច្នេះសម្រាប់អ្នកដែលចង់ធ្វើជាអ្នកក្លាហាន ឬចូលរួមជាមួយចលនាឧទ្ទាមក្រៅច្បាប់ បះបោរប្រឆាំងរាជរដ្ឋាភិបាល ត្រូវតែពិចារណាឡើងវិញថាសម្រាប់បុគ្គលក្បត់ជាតិម្នាក់ និងផែនការទុច្ចរិតរបស់គេ តើមានតម្លៃសាកសមឱ្យបងប្អូន ត្រូវលះបង់ជីវិតប្រឈមនឹងគ្រោះថ្នាក់ដែរឬទេ? ដើម្បីតែបម្រើឱ្យមហិច្ឆតាដណ្តើមអំណាចរបស់បុគ្គលក្បត់ជាតិ និងការសន្យាផ្តល់ប្រាក់ឈ្នួលត្រឹមតែ១០០ដុល្លារ តើបងប្អូនសុខចិត្តទៅស្ម័គ្រស្លាប់ជំនួសគេមែនដែរឬទេ? តើមេចលនាឧទ្ទាមក្រៅច្បាប់ ធ្លាប់បានលះបង់អ្វីខ្លះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន? កន្លងមកជននេះ មានតែបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា តាមរយៈការសុំឱ្យបរទេសផ្តាច់ជំនួយ សុំឱ្យបរទេសឈប់ទិញទំនិញដែលផលិតនៅកម្ពុជា និងស្នើឱ្យអន្តរជាតិដាក់សម្ភាធមកលើប្រទេសកម្ពុជាគ្រប់រូបភាព។ បើនិយាយដល់តម្លៃរបស់ជនក្បត់ជាតិនេះ ពលរដ្ឋកម្ពុជាភាគច្រើនលើសលុប សុទ្ធតែដឹងហើយថា ជននេះ គ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរនោះទេ។ ជនក្បត់ជាតិមិនដែលបានរួមចំណែកអ្វីសូម្បីតែបន្តិចទាល់តែសោះ ក្នុងការជួយប្រជាជន និងប្រទេសជាតិខ្លួនឯង ឱ្យមានការរីកចំរើន និងអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ ជននេះ តែងតែបង្កចលាចល បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ​ បំផ្លាញសុខសន្តិភាព និងរាំងខ្ទប់រាល់ដំណើរការរីកចំរើនរបស់ជាតិ ។ សូម្បីតែអ្នកស្ម័គ្រស្មោះ ចូលរូម និងដើរតាមនយោបាយរបស់ខ្លួន ក៏ជនក្បត់ជាតិរូបនេះ មិនដែលឱ្យតម្លៃម្តងណាឡើយ។ ជនក្បត់ជាតិរូបនេះ តែងតែយកជីវិតរបស់សកម្មជន និងអ្នកគាំទ្រធ្វើជាឈ្នាន់ និងជាខែលកាពារខ្លួនជានិច្ច។ សកម្មជនរបស់ជនក្បត់ជាតិរូបនេះកន្លងមក តែងតែត្រូវរងទុក ព្រោះតែដើរតាមនយោបាយបោកប្រាស់ ញុះញង់ លាបពណ៌ និងបញ្ឆេះកំហឹង របស់ជននេះទាំងងងើល។ ខ្លះត្រូវជាប់គុក និងខ្លះត្រូវស្លាប់បាត់បង់ជីវិត ក្នុងសកម្មភាពបះបោរកន្លងមក តាមរយៈការបញ្ឆេះកំហឹង និងបញ្ជារពីមេចលនាឧទ្ទាមប្រឆាំង និងក្បត់ជាតិ សម រង្ស៊ី។ ហើយខ្លះទៀត បានលក់អស់ទ្រព្យធន ដើម្បីដើរតាមជននេះ តែចុងក្រោយសល់ត្រឹមតែបាតដៃទេរ។ ខ្លះជាប់បំណុលវ័ណ្តកនៅធនាគារ ខ្លះលក់ស្រែ លក់ដី បញ្ចាំផ្ទះ ព្រោះតែចាញ់បោកនយោបាយរបស់ជននេះ។ ខ្លះត្រូវនិរទ្ទេសខ្លួន រត់ចោលស្រុក ព្រាត់ប្រាសគ្រួសារ ព្រោះតែជឿ និងងប់ងុលតាមការបញ្ចុះបញ្ជូលរបស់ជនក្បត់ជាតិ។

ដោយសារតែបែបនេះហើយ អ្នកវិភាគនយោបាយមួយចំនួន ដែលធ្លាប់តែកាន់ជើងក្រុមឧទ្ទាមក្រៅច្បាប់នេះ សុទ្ធតែបង្ហាញជំហរដូចៗគ្នាថា ពួកគេមិនគាំទ្រផែនការមាតុភូមិនិវត្តន៍នេះឡើយ។ ដោយពួកគេយល់ឃើញថា ការរៀបចំផែនការផ្លាស់ប្តូរប្រទេសរបៀបនេះ គឺជាសកម្មខុសច្បាប់ ព្រមទាំងប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យ ដែលរដ្ឋាភិបាល ត្រូវតែកើតចេញពីការបោះឆ្នោត និងកើតចេញឆន្ទៈរបស់ប្រជាពល​រដ្ឋ មិនមែនកើតចេញពីរដ្ឋប្រហារ ដណ្តើមអំណាចក្រៅច្បាប់ បែបព្រៃផ្សៃរបៀបនេះនោះទេ។ មួយវិញទៀត​សូម្បីតែ កឹម​ សុខា និងអ្នកដែលធ្លាប់ដើរតាមនយោបាយរបស់អតីតបក្សប្រឆាំង ក៏បានបង្ហាញការមិនពេញចិត្ត ចំពោះសកម្មភាព និងផែនការរបស់ សម រង្ស៊ី និងគូកននៅពេលចុងក្រោយនេះផងដែរ ដោយពួកគេថែមទាំងបានរិះគន់ថា សម រង្ស៊ី ល្មមដល់ពេលបញ្ឈប់ទៅ អានយោបាយនាំប្រជាពលរដ្ឋទៅស្លាប់ ដើម្បីធ្វើជាឈ្នាន់បម្រើឱ្យមហិច្ឆតាដណ្តើមអំណាច និងគំនុំសងសឹកផ្ទាល់ខ្លួនបែបនេះ។

អ្នកតាមដាននយោបាយនៅកម្ពុជា សុទ្ធតែយល់ឃើញស្របគ្នាថា អ្វីដែលទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែធ្វើនេះ គឺប្រើប្រាស់កំលាំងអ្នកគាំទ្រខ្លួន ដើម្បីបម្រើឱ្យមហិច្ឆតាដណ្តើមអំណាច និងរុញគេឱ្យទៅស្លាប់ជំនួសខ្លួន ហើយតាមការវិភាគ គឺមានភាគរយតិចណាស់ ដែលជនក្បត់ជាតិរូបនេះ ហ៊ានអើតក្បាលត្រឡប់មកកម្ពុជាវិញនោះ។ ព្រោះបើក្លាហានមែន មិនមែនជននេះ កំសាករត់ចោលស្រុកអស់រយៈពេលជាច្រើនឆ្នាំ និងជាច្រើនលើកច្រើនសារនោះទេ។ ម្លេះសមពេលនេះកំពុងតែក្រាញននៀល តស៊ូក្នុងគុកនៅស្រុកខ្មែរបាត់ទៅហើយ។ ការរត់ចោលស្រុករបស់ជននេះជាបន្តបន្ទាប់ ដើម្បីគេចចេញពីសំណាញ់ច្បាប់ នៅពេលដែលខ្លួនបង្កបញ្ហា ឬប្រព្រឹត្តបទល្មើសនោះ គឺបង្ហាញពីសារជាតិកំសាកញី ខ្លាចគុក ខ្លាចស្លាប់ គ្មានទំនួលខុសត្រូវ និងបានជាប់ឈ្មោះជាអ្នកនយោបាយកំសាក និងរត់លឿនកំរិត5G អស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះការប្រកាសត្រឡប់មកវិញ គ្រាន់តែជាសេណារីយោថ្មី ដែលជននេះបង្កើតឡើង ដើម្បីឱ្យគូកនខ្លួនលេង និងដើរតាមទាំងងងឹតងងុលតែប៉ុណ្ណោះ។ រឿងថាហ៊ានមកឱ្យលោក ហ៊ុន សែន ចាប់ដាក់គុកនោះ គឺមិនអាចទៅរួចជាដាច់ខាត។ ពោលគឺគាត់គ្មានភាពក្លាហានជាកូនប្រុសនោះទេ សូម្បីតែក្រុមលោក កឹម សុខា ក៏ធ្លាប់បានរិះគន់ថា សម រង្ស៊ី អន់ជាង កឹម សុខា ឆ្ងាយណាស់ ព្រោះ កឹម សុខា ក្លាហាន និងហ៊ានក្រាញននៀលមិនរត់ចោលអ្នកគាំទ្រ ផ្ទុយពី សម រង្ស៊ី ដែលកំសាកញី និងតែងតែដាក់មេប្រូចចោលសកម្មជនខ្លួនជានិច្ច នៅពេលមានអាសន្នអន់ក្រម្តងៗ។

ដូច្នេះសរុបមកវិញ មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ប្រាកដណាស់ថា នឹងមិនហ៊ានអើតក្បាលមកជាប់គុកនៅកម្ពុជានោះទេ។ គោលដៅរបស់ជនក្បត់ជាតិរូបនេះ គឺរុញឱ្យអ្នកដើរតាមចលនារបស់ខ្លួន ទៅរងគ្រោះ និងស្លាប់ជំនួសខ្លួន រួចហើយទម្លាក់កំហុសលើរដ្ឋអំណាច និងលោក ហ៊ុន សែន ថា ជាជនផ្តាច់ការ។ ទណ្ឌិតរូបនេះ នឹងប្រើលេសនៃការប៉ះទង្គិចគ្នា រវាងអ្នកដើរតាមចលនាឧទ្ទាមរបស់ខ្លួន ដើម្បីទាមទារឱ្យអន្តរជាតិ ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា។ ផែនការរបស់ទណ្ឌិតក្បត់ជាតិ គឺការលះបង់ជីវិតមនុស្ស ជំរុញឱ្យមានការបង្ហូរឈាម មានអំពើហិង្សា ដើម្បីបង្កើតលេសមិនត្រឡប់មកកម្ពុជាវិញ ព្រមទាំងកេងចំណេញពីស្ថានការវឹកវរ ជំរុញឱ្យអន្តរជាតិថ្កោលទោសលើរដ្ឋាភិបាល។ ការប្រកាសកាន់តែក្តៅឡើងៗរបស់ក្រុមឧទ្ទាមក្រៅច្បាប់ គឺក្នុងគោលដៅបម្រើឱ្យផែនការរបស់ពួកគេតែប៉ុណ្ណោះ។ ដើម្បីជៀសចេញពីស្ថានភាពចុះទឹកក្រពើ ឡើងលើខ្លា (មកវិញគឺត្រូវជាប់គុក តែបើមិនមកវិញទេ ត្រូវអាម៉ាស់មុខនិងបញ្ចប់ជីវិតនយោបាយរបស់ខ្លួន) ទណ្ឌិតក្បត់ជាតិ កំពុងរកច្រកចេញ ដើម្បីធ្វើយ៉ាងម៉េចមិនបាច់ចូលស្រុកហើយ អាចមិនសូវបាក់មុខ ហើយបរទេសនៅតែគាំទ្រ ក្នុងគោលដៅបានធ្វើនយោបាយបន្តទៀត គឺមានតែរុញអ្នកដើរតាម ឬក្រុមឈានមុខ ឱ្យទៅស្លាប់មួយជំហានសិន ដើម្បីប្រើប្រាស់ស្ថានការនេះជាប្រយោជន៍ បម្រើឱ្យផែនការដ៏ទុច្ចរិតរបស់ខ្លួន។ ចំណែកឯអ្នកចូលរួមវិញគឺអស់ទ្រព្យ ជាប់គុក អស់ទាំងជីវិតទៀត។ ដូច្នេះតើអ្នកចូលរួមសុខចិត្តប្តូរភាពសុខសាន្តរបស់ខ្លួន ឬសុខចិត្តរួមគ្នាដុតផ្ទះចោល ដើម្បីគ្រាន់តែចម្អិនពងមាន់១គ្រាប់ឬ? សូមថ្លឹងថ្លែងពីភាពសុខសាន្ត ដែលពលរដ្ឋកម្ពុជាកំពុងតែមាន ជាមួយនឹងមហន្តរាយ ដែលនឹងអាចកើតឡើងក្រោមការបញ្ឆេះ និងបង្កាត់ភ្លើងដោយមេចលនាឧទ្ទាមក្រៅច្បាប់។ សូមចងចាំឱ្យច្បាស់ថា ការស្លាប់មិនអាចវិលល្ងាចបានវិញទេ ហើយចលនាបំផ្លាញជាតិ នឹងមិនទទួលបានលទ្ធផលអ្វីក្រៅតែពីការឈឺចាប់ និងសោកនាដកម្មសម្រាប់អ្នកចូលរួមនោះឡើយ៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង