មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី គាំទ្រការផ្សព្វផ្សាយរបស់គេហទំព័រ Propertyarea.asia
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់បានគាំទ្រដល់ការផ្សព្វផ្សាយរបស់គេហទំព័រPropertyarea.asia ដែលជាគេហទំព័រផ្តោតលើការផ្សព្វផ្សាយព័ត៌មានពីវិស័យសំណង់ និងអចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសអនុញ្ញាត្តឲ្យលោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីក្រសួង លោកលាង មុនីរីទ្ឋរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់ថ្នាក់ដឹកនាំគេហទំព័រ និងសហការី ដើម្បីធ្វើយ៉ាងណាផ្តល់ព័ត៌មានពិត មានសុក្រិតភាពដល់សាធារណៈជន ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកបន្តថា កន្លងមកមន្រ្តីក្រសួងដែនដីបានយកព័ត៌មាន ពីគេហទំព័រនេះទៅផ្សព្វផ្សាយដល់សាធារណៈជន និងមន្រ្តីក្រសួងបានសិក្សាស្វែងយល់ផងដែរ ពិសេសលោកសង្កេតឃើញថា គេហទំព័រនេះសរសេរព័ត៌មានបានល្អ មានសុក្រិតភាព ដោយមិនមានការបំភ្លៃព័ត៌មានណាមួយ នាំឲ្យសាធារណៈជនមានការយល់ច្រឡំឡើយ។លោកលាង មុនីរិទ្ឋក៏បានជំរុញឲ្យថ្នាក់ដឹកនាំគេហទំព័រនេះ បន្តរក្សានូវគុណភាពព័ត៌មាន ដែលមានសុក្រិតភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណៈជនបន្តទៀត ដើម្បីផ្តល់ជាគុណតម្លៃដល់ក្រុមហ៊ុនផង ដល់សាធារណៈជនផង និងប្រទេសជាតិផង។
ជាមួយគ្នានេះ លោកយិន លាងគង់បានជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពីប្រវត្តិនៃការកកើតនូវគេហទំព័រនេះ ពិសេសពីផែនការនិងចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឲ្យសារព័ត៌មានមួយនេះដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតរបស់សង្គម ពិសេសផ្តល់នូវព័ត៌មានពិត និងមានសុក្រិតភាព ដែលសារធាណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគ។
លោកបន្តថា គេហទំព័រ Propertyarea.asia បានកើនបុគ្គលិកពី៤នាក់ ដល់១២នាក់ និងបានពង្រីកការផ្សព្វផ្សាយជាពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេសទៅកាន់់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងពង្រីកការផ្សព្វផ្សាយទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ឋអនឡាញ (youtube) ផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ គេហទំព័ររបស់យើងបានក្លាយជាវេទិកាផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជា ដោយចំនួនអ្នកអានបានកើនចន្លោះ១៥,០០០ ទៅ២០,០០០នាក់ក្នុងមួយថ្ងៃ។
លោកយិន លាងគង់ក៏បានជម្រាបថ្នាក់ដឹកនាំក្រសួង ពីចក្ខវិស័យរបស់គេហទំព័រនេះទៅថ្ងៃអនាគត ដោយចង់ប្រែក្លាយគេហទំព័រនេះជាវេទិការបស់ជាតិ ដែលប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ អន្តរជាតិអាចប្រើប្រាស់ និងអានព័ត៌មានដើម្បីយកធ្វើជាមូលដ្ឋាននៃការពង្រីកចំណេះដឹង និងមូលដ្ឋាននៃការត្រិះរិះពិចារណា និងវិភាគដើម្បីកាត់បន្ថយហានិភ័យនៃការបំពុលពីព័ត៌មានក្លែងក្លាយ។
ជាការឆ្លើយតបលោកលាង មុនីរិទ្ឋបានកោតសរសើរដល់គេហទំព័រនេះ ដែលបានផ្តល់នូវព័ត៌មានពិតជាក់លាក់ ដោយឈរលើមូលដ្ឋានវិភាគ សុក្រិតមិនលំអៀង និងជាបណ្តាញព័ត៌មាន ដែលបានផ្សព្វផ្សាយពីចំណេះដឹងថ្មីៗ និងពីគំរោងអភិវឌ្ឍន៍ធំៗនៅកម្ពុជា ដើម្បីផ្តល់ជូនឲ្យសាធារណៈជនបានសិក្សាស្វែងយល់៕