ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា មាន ៥២៥គម្រោង និងមានទុនជាង ១,១៧៣លានដុល្លារ កើនជិត៤០% ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩
របាយការណ៍ផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលបាននៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៩ ការវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជា មានចំនួន៥២៥គម្រោង សរុបទឹកប្រាក់វិនិយោគជាង១,១៧៣លានដុល្លារ កើតឡើង៣៩.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៥២៥គម្រោង មាន៤៤គម្រោងដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទុនវិនិយោគចំនួន១,០៤៤លានដុល្លារ និង៤៨១គម្រោង ដែលចេញដោយរដ្ឋបាលរាជធានី-ខេត្ត មានទុនវិនិយោគសរុបជាង១២៩លានដុល្លារ។
ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា វិស័យសំណង់បានបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ២០១៩ គិតជាមធ្យមប្រមាណពី១៩០០០នាក់ ទៅ២១,០០០នាក់ក្នុង១ថ្ងៃ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី៦,២៧០នាក់ ទៅ៦,៣០០នាក់ក្នុង១ថ្ងៃ។
តាមការសិក្សាស្រាវជ្រាវក្នុងខែកក្កដា ឆ្នាំ២០១៩នេះ តម្លៃកម្លាំងពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃ អាចទទួលបានពី៣ម៉ឺនរៀល ដល់ ៤ម៉ឺនរៀល, កម្មករជំនាញ និងមេជាងក្នុង១ថ្ងៃអាចទទួលបានពី៤ម៉ឺនរៀល ដល់៦ម៉ឺនរៀល, ចំពោះវិស័ករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់ខែពី៤០០ដុល្លារ ដល់២៥០០ដុល្លារ។
សូមជម្រាបថា សំណង់ទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០០០ ដល់ ខែកក្កដា ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន៤៦១៣០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ១២២លានម៉ែត្រការ៉េ ទុនវិនិយោគប្រមាណ ជាង៤៦,២៤៧លានដុល្លារ ៕