ខ្មែរប៉ុស្ដិ៍ Close

មកទល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាជនក្រីក្រ ជិត៥០ម៉ឺនគ្រួសារហើយ ដែលស្មើនឹង១,៣លានហិកតា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 69
មកទល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាជនក្រីក្រ ជិត៥០ម៉ឺនគ្រួសារហើយ ដែលស្មើនឹង១,៣លានហិកតា មកទល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាជនក្រីក្រ ជិត៥០ម៉ឺនគ្រួសារហើយ ដែលស្មើនឹង១,៣លានហិកតា

រាជរដ្ឋាភិបាល បានផ្តល់សម្បទានដីសង្គមកិច្ចរហូតមកដល់បច្ចុប្បន្ននេះ សរុបទំហំ ១លាន៣សែនហិកតា ដល់ប្រជាពលរដ្ឋក្រីក្រជិត ៥០ម៉ឺនគ្រួសារ និងសាងសង់ផ្ទះចំនួនជិត៨ពាន់ខ្នង ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។

ថ្លែងក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយការ ចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា គិតពីពេលចាប់ផ្តើមរហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២១នេះ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល សម្រេចផ្តល់ដីសរុបទំហំ ១,៣ លាន ហិកតា ជូនប្រជាពលរដ្ឋក្រីក្រសរុបជិត ៥០ម៉ឺនគ្រួសារ និង សាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន៧ ៧៦៤ខ្នង ។ សម្បទានិកចូលទៅស្នាក់នៅបានចំនួន ៦៣១១ ខ្នង ស្មើនឹង ៨១,២៣ភាគរយ ។

លោកបានបញ្ជាក់ថា កម្មវិធីសម្បទានដីសង្គមកិច្ចនេះ ដោយអនុវត្តតាមរយ:កម្មវិធីចំនួន៤ គឺ ១-កម្មវិធីសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារទី២-កម្មវិធីសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ ទី៣-កម្មវិធីអភិវឌ្ឍតាមបណ្ដោយព្រំដែន និងទី៤-គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច (គម្រោង LASED) ក្រោមការគាំទ្រពីធនាគារពិភពលោក។

លោក ជា សុផារ៉ា មានប្រសាសន៍ថា ក្នុងចំណោមការងារសំខាន់ៗស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ការងារសម្បទានដីសង្គមកិច្ច គឺជាការងារស្នូលមួយ ដែលរាជ រដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិងកំពុងបំពេញបេសកកម្មក្នុងសមត្ថកិច្ចរបស់ខ្លួន ចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រខាងលើក្នុងវិស័យដីធ្លី រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋានដែលជាវិស័យដ៏សំខាន់ និងជាសរសៃឈាមក្នុងការលើកកម្ពស់ ភាពសុខដុមរមនា នៅក្នុងសង្គម-សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញធុរកិច្ច និងទ្រទ្រង់សេដ្ឋកិច្ច និង ជាវិស័យដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពីមួយថ្ងៃទៅមួយថ្ងៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាកាត់បន្ថយភាពក្រីក្រឱ្យស្ថិតនៅក្នុងអត្រាទាបជាង ១០ភាគរយ និងការពារមិនឱ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ ការចូលរួមក្នុងយន្តការទីផ្សារ ការអនុវត្តន៍គោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយកម្លាតសង្គមផងដែរ៕

អត្ថបទទាក់ទង