ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារកាកបាទក្រហមខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
ក្រុមការងារកាកបាទក្រហមខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ក្រុមការងារកាកបាទក្រហមខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខាបាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ឈ្មោះ ឡាយ បូណា នៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ដែលរងគ្រោះកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ វេលា ម៉ោង ១១:៣០ នាទីយប់ បណ្តាលមកពីការប្រើប្រាស់ភ្លើងសូឡាបើកចោលមិនបានបិទនៅពេលម្ចាស់ផ្ទះមិននៅ ធ្វើឲ្យទុសសេ ឆេះផ្ទះទំហំ ៦X៧ ម ខូចខាតទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ ។

ក្នុងឱកាសនោះលោក សរ វណ្ណា បាននាំមកនូវប្រសាសន៍របស់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ជាមួយគ្នានេះលោកនាយកសាខា បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

អំណោយដែលបានផ្តល់ជូនមាន អង្ករ ៥០ គីឡូក្រាម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល និងបច្ច័យ ទេយ្យទានរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងសហគមន៍ មួយចំនួនទៀត ។

នៅថ្ងៃដដែលនោះដែរក្រុមការងារក៏បាននាំយកកញ្ចប់ឃីតទាក ទៅសួរសុខទុក្ខដល់ស្រីទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ៣ គ្រួសារ និងទារកដែលកំពុងរស់នៅ ជាមួយជីដូនដែលម្តាយទៅធ្វើការរោងចក្រ ៣ គ្រួសារ សរុប ៦ គ្រួសារ។ ក្នុងគោលបំណង ដើម្បីដាស់តឿន លើកទឹកចិត្តឲ្យស្ត្រី មកសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងការពារកូនចៅឲ្យជៀសផុត ពីជម្ងឺគ្រុនឈាមនារដូវវស្សា ។

អំណោយដែលបានផ្តល់ជូនទាំង ៦ នាក់ក្នុងម្នាក់ទទួលបាន ៖ ឃីតមួយកញ្ចប់ (ភួយ ១ ក្រមា ១ សារុង ១) ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ ដប មួក ១ អាវ ២ ស្រោមដៃ ស្រោមជើង ១ កំប្លេ និងក្រណាត់ត្រីកោណ ១ ដុំ ថវិកា ៥០,០០០ រៀល៕

 

អត្ថបទទាក់ទង