ខ្មែរប៉ុស្ដិ៍ Close

បទ​វិចារណកថា​៖ បើ​​អភិបាល​​កិច្ច​​កម្ពុជា​​ស្មោក​​គ្រោក​​នោះ ​​កម្ពុជា​​មិន​​អាច​​ឈរ​​នៅកំពូល​​តារាង​​ក្នុង​​អា​ស៊ាន​​ឡើយ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 29
បទ​វិចារណកថា​៖ បើ​​អភិបាល​​កិច្ច​​កម្ពុជា​​ស្មោក​​គ្រោក​​នោះ ​​កម្ពុជា​​មិន​​អាច​​ឈរ​​នៅកំពូល​​តារាង​​ក្នុង​​អា​ស៊ាន​​ឡើយ​ បទ​វិចារណកថា​៖ បើ​​អភិបាល​​កិច្ច​​កម្ពុជា​​ស្មោក​​គ្រោក​​នោះ ​​កម្ពុជា​​មិន​​អាច​​ឈរ​​នៅកំពូល​​តារាង​​ក្នុង​​អា​ស៊ាន​​ឡើយ​

ទោះ​បី​ជា​ស្ថាន​ភាព​ពិភព​លោក​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ និង​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​​​ជា​ពិសេស​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិ​ជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​​ពិភព​លោកគឺ ​ចិននិង​​អាមេរិក​ ​ក្តី​​ ក៏​សេដ្ឋ​កិច្ច​​កម្ពុជា​នៅ​តែ​អាច​បន្ត​រក្សា​បាន​កំណើន​ខ្ពស់​ និ​ង​រឹង​មាំ​ ក្នុង​រយៈ​ពេល​ខ្លី​ និង​មធ្យម​នា​ពេល​ខាង​មុខ​ដដែល​​។ ​​ភាព​វិជ្ជមាន​នៃ​កំណើន​សេដ្ឋ​កិច្ច​នេះ​​ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អ្នក​​ជំនាញ​​ការ​សេដ្ឋកិច្ច​របស់​ធនា​គា​រ​ពិភព​លោក​(WB) និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) ​ដែល​ជាស្ថាប័ន​តាម​ដាន​ពី​ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋ​​កិច្ច​​​​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​។​ ផ្អែក​​លើ​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​​កម្ពុជា​របស់​​ធនា​គារ​​ពិភព​លោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៩​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​សម្រេច​​បាន​​​នូវ​កំណើន​​សេដ្ឋកិ​ច្ច​​ ៧,៥ ភាគ​​រយ​​នៅ​​ក្នុង​​ឆ្នាំ​​២០១៨​ ដែល​​ជា​​អត្រា​កំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ ដោយ​​មាន​​ការ​​ជំរុញ​​មួយ​​ផ្នែក​ធំ​​ពី​ការ​​កើន​​យ៉ាង​​ឆាប់​រហ័ស​​នៃ​ការ​នាំ​​ចេញ​​ និង​​ការ​បន្ត​​​លូត​លាស់​នៃ​វិស័យ​សំណង់​។​  ការ​នាំ​ចេញ​​របស់​​ផលិត​ផល​សម្លៀក​បំពាក់​ ស្បែក​ជើង​​ និង​​មុខ​​ទំនិញ​ធ្វើ​​ដំណើរ​ ដែល​​ទាំង​អស់​នេះ​​មាន​​ជាង​​ពីរ​ភាគ​បី​នៃ​​មុខ​ទំនិញ​នាំ​ចេញ​សរុប​។​ កំណើន​​​សេដ្ឋ​កិ​​ច្ច​​​៧,៥​​ ភាគ​​រយ​នេះ​ ជា​​កំណត់​​​ត្រា​​កំណើន​​​ខ្ពស់​​​បំផុត​ក្នុងរយៈពេល​១០​ឆ្នាំចុងក្រោយនេះ ​​ហើយ​​​​​កំណើន​នេះ​​កើ​ន​​​​បាន​​​១៧​,៦ ​​ភាគ​​រយ​​​ក្នុ​ង​​ឆ្នាំ​​​២០១៨​​ ប្រៀប​​ធៀប​​​ជា​​មួយ​​​៨,៣​​ភាគ​​រយ​​ក្នុង​​​ឆ្នាំ​​​២០១៧​​។​
ទោះជាយ៉ាងនេះក្តី វិស័យកាត់​ដេរ​នៅ​កម្ពុជា​ដែល​ផ្តោត​លើ​ផលិត​កម្មតម្លៃបន្ថែមទាប និង​កំណើន​​យឺត​​នៃ​​​វិស័យ​កាត់​ដេរ​នៅ​ក្នុង​​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​​បាន​បង្ហាញ​​ពី​​ភាព​​ចាំ​បាច់​ និង​បន្ទាន់ដែល​តំរូវ​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​ប្រកាន់​យក​នូវ​វិធាន​ការ​​ក្នុង​​ការ​​កែ​​ទម្រង់​រចនា​សម្ព័ន្ធ​ និង​ការ​ធ្វើ​ពិ​ពិធ​កម្ម​សេដ្ឋ​កិច្ច​ទៅ​រក​វិស័យ​កាត់​ដេរ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ និង​វិស័យ​សក្តា​នុ​ពល​ផ្សេង​ទៀត​ដើម្បី​បន្ត​ចីរ​ភាពនៃ​​កំណើន​ក្នុងរយៈពេលមធ្យម និងវែងដោយ​ផ្អែក​លើ​ចក្ខុវិស័យ​អភិបាល​កិច្ច​ល្អ​។​ ដូច្នេះ​ ហើយបាន​ជាប្រមុខ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​ លោក ហ៊ុន សែន​​ បាន​ថ្លែង​រំលឹក​​​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​នៅក្នុង​ឱកាស ​ដែល​លោក​​​បានអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រ​គល់​សញ្ញា​បត្រ​វិទ្យា​សាស្រ្ដ​នគរបាល​ កាល​​​ពី​​​​ថ្ងៃ​​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗនេះ​ថា​​ ត្រូវ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​រួម​​គ្នា​​ជំរុញ​​សេដ្ឋកិច្ច​​កម្ពុជា ឱ្យ​បន្ត​មាន​កំណើន​ថេរ​ដូច​ឆ្នាំ​មុនៗ​តាម​រយៈ​ការ​ធ្វើ​អភិបាល​កិច្ច​ល្អ​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​​​។​​

​លោកនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់​​​ថា​ «​បើ​​អភិបាល​​កិច្ច​​កម្ពុជា​​ស្មោក​​គ្រោក​​នោះ​​សេដ្ឋកិច្ច​​កម្ពុជា​​មិន​​​អាច​​​ឈរ​​នៅ​​កំពូល​​តារាង​​ក្នុង​​ចំណោម​​ប្រទេស​​សមា​ជិក​​អា​ស៊ាន​​ ដូច​​កា​រ​វាយ​​តម្លៃ​​របស់​​ ADB​​ និង​​WB​ ​​ឡើយ​»​​។

តាម​ការ​ព្យាករណ៍​ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ នឹង​បន្ត​​សម្រេច​​បាន​​ក្នុង​​អត្រា​ ៧,១ ភាគ​រយ​ ដែល​​ប្រហាក់​​​ប្រហែល​​​និង​​​កំណើនក្នុង​​​​ឆ្នាំ​​​២០១៨​ ដែរ​​​​​។ ​នៅ​ក្នុង​​ឆ្នាំ​​២០១៩​​ ផលិត​ផល​​ក្នុង​​ស្រុក​​សរុប​​ (ផ ស ស) ថ្លៃ​​បច្ចុប្បន្ន​​កើន​​ឡើង​​ដល់​​ប្រមាណ​​ ២៧​ ២២២​ លាន​​ដុល្លារ​​អា​មេរិក​​ ខណៈ​​ ផ​ ស​ ស​ សម្រាប់​​មនុស្ស​​ម្នាក់​​ត្រូវ​​បាន​​រំពឹង​​​ថា​​នឹង​​កើន​​ឡើង​​ដល់​​ ១ ៧០៦​ ដុល្លារ​​អាមេរិក​​ ធៀប​​និង​​ ១​ ៥​៦៣​ ដុល្លារ​​អាមេរិក​​ ក្នុង​​ឆ្នាំ​​២០១៨​។​ អត្រា​អតិផរ​ណា​មធ្យម​ប្រចាំ​ឆ្នាំ​ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ស្ថិត​ក្នុង​កំរិត​អាច​គ្រប់​គ្រង​បាន​ក្នុង​អត្រា​ ៣,១ ភាគរយ​ ក្នុង​ឆ្នាំ​២០១៩​ ស្រប​នឹង​ការ​រំពឹង​ទុក​នៃ​កំណើន​យឺត​នៃ​ថ្លៃ​ប្រេង​លើ​ទី​ផ្សារ​អន្តរជាតិ​ និង​កំណើន​យឺត​ជាង​មុន​នៃ​ថ្លៃ​ម្ហូប​អាហារ​​។​ ចំណែក​ឯអត្រា​ប្តូរ​ប្រាក់​រៀល​ គឺ​នៅតែបន្ត​ស្ថិត​នៅក្នុង​រង្វង់​ ៤ ០៥០ រៀល​ ក្នុង​១ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩​។ តួលេខ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​លើក​កំពស់​​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​​ទូទៅ​​។ ​ជាមួ​យ​នឹង​ផ្លែ​ផ្កា​នៃ​កំណើន​សេដ្ឋ​កិច្ច​នេះ​ ប្រាក់​បៀវត្ស​អប្ប​បរមា​របស់​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​បាន​កើន​ឡើង​​​ដល់​យ៉ាង​តិច​​​​១​លាន​​រៀល​ក្នុង​មួយខែ​។​​ កម្មករ កម្មការិនី​ ក្រៅ​ពី​ទទួល​បាន​នូវ​ប្រាក់​បៀវត្ស​មូល​ដ្ឋាន​ដ៏​សម​រម្យចំនួន​១៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ក៏​​នៅ​​ទទួល​​បាន​នូវ​​អត្ថ​​ប្រយោជន៍​​ខាង​​ផ្នែក​​គាំ​ពារ​​សង្គម​​ផ្សេងៗ​ទៀត​ជាច្រើន​ដូច​ជា​ ទី​១ គោល​​នយោបាយ​សុវត្ថិភាព​ការ​ងារ ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ ជាយថា​ហេតុ​ក្នុង​​ពេល​​បំពេញ​​​ការ​​ងារ​។​​ ទី​២ ប្រាក់​ឧបត្ថម្ភ​១២០ភាគរយ​ នៃ​ប្រាក់​បៀវត្ស​សំរាប់​លំហែ​មាតុភាព​រយៈពេល​៣​ខែ​ បន្ថែម​លើ​ប្រាក់​១០០ដុល្លារ​ សំរាប់​ការ​សំរាល​កូន​ម្នាក់​។ ​ទី៣​ ការ​ធានា​រ៉ាប់​រង​ផ្នែក​សុខ​ភាព​ក្នុង​ការ​ពិនិត្យ​ និង​ព្យាបាល​។ ទី៤ ការ​ធានា​រ៉ាប់​រង​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​សាធារណៈ​តាម​រថ​យន្ត​​ក្រុង​ និង​ទី​៥​ ការ​គ្រោង​ផ្តល់​ប្រាក់​សោធន​និវត្ត​ជូន​កម្មករ​ កម្មការិនី​ ចាប់​ពី​ឆ្នាំ​២០១៩​ ជាដើម​។​

ទោះ​បី​ជាយ៉ាង​នេះ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​ក៏អាចនឹង​ប្រឈម​នូវ​ហានិភ័យខ្លះ​​ដែល​​បណ្តា​ល​​មក​ពី​​កត្តា​​ខាង​ក្រៅ​​ និង​​កត្តា​​ខាង​​ក្នុង​មួយ​ចំនួន​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​កម្ពុជាផង​ដែរ​។ ដូច្នេះ​ ​​ដើម្បី​​រក្សា​​ឱ្យ​​បាន​​​នូវ​ស្ថេរភាព​​ម៉ាក្រូ​សេដ្ឋ​កិច្ច​ និង​សម្រេច​ឱ្យ​បាន​នូវ​​​កំណើន​​សេដ្ឋ​កិច្ច​​ប្រកប​ដោយ​ចី​រភាព​​ រាជរដ្ឋាភិបាលកម្ពុជា​ ដែល​​មាន​​លោក​ ហ៊ុន​ សែន​ ជានាយក​រដ្ឋ​មន្ត្រី ​​បាន​​ដាក់​​ឱ្យ​អនុវត្ត​នូវ​​វិធាន​ការ​គោល​នយោ​បាយ​​អភិបាល​កិច្ច​ដ៏មុត​ស្រួច​​មួយចំនួន​ស្រប​តាម​បាវចនា​ «កែ​ទម្រង់​ខាង​ក្នុង​ បង្កើន​​មិត្ត​​ខាង​ក្រៅ​ ក្នុង​ស្មារតី​ឯករាជ្យ​» និង​អនុវត្ត​នូវ​អភិក្រមទាំង​៥​ «ឆ្លុះ​កញ្ចក់​ ងូតទឹក​ ដុសក្អែល​ ព្យាបាល​ និង វះកាត់​»​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​​។​​​

សរុប​មក​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ឱ្យ​មាន​កំណើន​ថេរ​ គឺ​ត្រូវ​ពឹង​ផ្អែក​ជា​ចំបង​​លើ​​កត្តា​​ខាង​​ក្នុង​​ជា​ចាំ​បាច់​។​​ មាន​ន័យ​ថា​ នៅពេល​ដែល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ ស្ថេរភាព​ និង​សន្តិសុខ​សង្គម​ ពេញ​បរិបូរណ៍​ នោះ​ហើយ​​ជា​ឱកាស​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​​ដែល​សមិទ្ធផល​ទាំង​អស់​នេះ​បាន​មក​ពី​ការ​ខិត​ខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ និង​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​ ធ្វើ​ឱ្យ​​សង្គម​កម្ពុជា​ទាំង​មូល​មាន​ការ​វិវត្ត​ជាវិជ្ជមាន​ ស្រប​តាម​និន្នាការ​អភិវឌ្ឍ​​ក្នុង​តំ​ប​ន់​ដែល​នាំ​​ឱ្យ​សេដ្ឋ​កិច្ច​កម្ពុជា​បាន​ និង​កំពុង​ធ្វើ​សមាហរណកម្ម​ប្រកប​ដោយ​សក្តានុពល​ ចូល​​ទៅ​​ក្នុង​សេដ្ឋកិច្ច​តំបន់​ និង​សកលលោក​។​​​​ វឌ្ឍនភាព​នេះ​បាន​ជះ​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​ជាកត្តា​ធំ​បំផុត​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ សិទ្ធិមនុស្ស​ លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​និង​​​នី​តិ​រដ្ឋ​​នៅ​​កម្ពុ​ជា​​​៕​​

ដោយ៖ សួន​ ចំរើន​

អត្ថបទទាក់ទង