ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនឯករាជ្យ ជួបជុំតវ៉ាទាមទារដោះលែងលោក កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះឡើយ។
ក្នុងលិខិតឆ្លើយតបសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឃួង ស្រេង បានបញ្ជាក់ថា ការពុំអនុញ្ញាតនេះដោយសារតែសកម្មភាពនេះប្រឆាំងនឹងសាលដីការរបស់តុលាការកំពូល និងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងករណីមានការរឹងទទឹងបន្តជួបជុំបំពានលើសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយអ្នកដឹកនាំការជួបជុំនេះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
សូមបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម លោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធាន និងលោក ឡុង រីម ជាសមាជិកគណៈកម្មាធិការនាយក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានដាក់លិខិតទៅកាន់អភិបាលរាជធានីភ្នំពេញ ដោយជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក កឹម សុខា។

ក្នុងលិខិតជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញនេះ សមាគមបានបញ្ជាក់ថា ការជួបជុំរបស់ពួកគេមិនត្រឹមតែទាមទារឱ្យដោះលែងលោក កឹម សុខា នោះទេ ពួកគេក៏ទាមទារឱ្យលើកលែងទោសទណ្ឌិត សម រង្ស៉ី ផងដែរ៕

អត្ថបទទាក់ទង