ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ៖ តើ VOA នៅចង់បន្តបំពុលព័ត៌មាននេះ ដល់ពេលណាទៀត?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
ទស្សនៈ៖ តើ VOA នៅចង់បន្តបំពុលព័ត៌មាននេះ ដល់ពេលណាទៀត? ទស្សនៈ៖ តើ VOA នៅចង់បន្តបំពុលព័ត៌មាននេះ ដល់ពេលណាទៀត?

ទោះបីជាថ្មីៗនេះមានការបំភ្លឺ និងច្រានចោលពីក្រសួងការពារជាតិកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាពិសេសការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងការបរទេសចិន និងក្រសួងការពារជាតិចិនក៏ដោយ ក៏សារព័ត៌មានមួយចំនួន ដែលបំពេញការងារក្នុងបុព្វហេតុវាយប្រហារមកលើកម្ពុជា នៅតែបន្តផ្សព្វផ្សាយព័ត៌មានបំភ្លើស បំភ្លៃ ប្រាសចាកពីការពិត ដោយឥតអៀនខ្មាស់ដូចករណី VOA ជាដើម។

ការបន្ទរ និងព្យាយាមបំពងសម្លេងម្តងហើយម្តងទៀត ចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា ថាបានចុះកិច្ចព្រមព្រៀង​សម្ងាត់ជាមួយចិន ដើម្បីប្រើប្រាស់មូលដ្ឋាន​យោធា​ជើង​ទឹករាម​​ ពីសំណាក់សារព័ត៌មានអន្តរជាតិ និងពីក្រុមដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងសារព័ត៌មានក្នុងស្រុកមួយចំនួន គឺជាចេតនាដ៏អាក្រក់បំផុត ដែលចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងដើម្បីមហិច្ឆតាដ៏ខ្មៅកង្វក់របស់ពួកគេ។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នូវគោលជំហរច្បាស់លាស់របស់លោកថា «គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា »។ លោកនាយករដ្ឋមន្ត្រី បានអះអាងច្បាស់ៗថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ …» ។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា គឺស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ កថាខណ្ឌទី៣ និងទី៤ បានចែងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។

ក្រសួងការបរទេសចិនក៏បានបញ្ជាក់ហើយថា រវាងកម្ពុជានិងចិន គឺធ្វើកិច្ច​សហប្រតិបត្តិការជាមួយគ្នាដោយបើក​ចំហ មាន​តម្លាភាព និង​ស្មើភាព​ ដោយគ្មានការលាក់លៀម ឬសំងាត់ឡើយ ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ​ចិន ក៏បាន​ទាត់ចោល​របាយការណ៍​ដែលថា ខ្លួន​មាន​កិច្ចព្រមព្រៀងសំងាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​។ ការបដិសេធ​ដែល​ប្រកាស​ដោយ​អ្នកនាំពាក្យ​​ក្រសួងការពារជាតិ​ចិនធ្វើឡើង​ក្រោយ​កម្ពុជា​បាន​ចេញមុខ​បដិសេធ​ផ្លូវការ​រួចហើយ​ជុំវិញ​បញ្ហា​នេះ​។ អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​ចិន បានលើកឡើងថារឿងនេះ «ជា​ពាក្យ​ច​ចាម​អារាម និង​ជា​ព័ត៌មាន​មិន​ពិត​»។

សកម្មភាពផ្សព្វផ្សាយព័ត៌មានខុសពីការពិតអំពីកម្ពុជានាពេលថ្មីៗនេះ វាមិនខុសអីពាក្យដែលគេតែងតែលើកឡើងថា « មនុស្សដែលដេកលក់ពិត គឺស្រួលដាស់ តែមនុស្សដែលធ្វើពុតជាដេកគឺវាពិបាកដាស់ណាស់»។ សង្ឈឹមថា VOA និងសារព័ត៌មានប្រឌិតព័ត៌មានបំភ្លៃអគតិមួយចំនួនល្មមដល់ពេលបញ្ឈប់ជាបន្ទាន់នូវសកម្ម​ភាពទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានចេតនាបំផ្លាញកម្ពុជាទៀតទៅ ពលរដ្ឋកម្ពុជាមិនស្វាគមន៍ទង្វើទុច្ចរិតនេះឡើយ៕

ដោយ៖ ស ជាតិ