ខ្មែរប៉ុស្ដិ៍ Close

ជិះកង់នាំមកនូវសុខភាពល្អ និងជាកត្តានៃសាមគ្គីភាពមួយដ៏រឹងមាំដែលស្តែងចេញពីយុវជនជ្រកក្រោមម្លប់សន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩នេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានរៀបចំកម្មវិធីជិះកង់ប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក្រោមការដឹកនាំដោយលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា​(ក្រុម១៥៧) ដោយមានការចូលរួមរបស់លោក ទៀ សី ហា អភិបាលនៃគណៈអភិបាលខេត្ត និងភរិយា លោក ស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន រួមទាំង អស់លោក លោកស្រី ជាសមាគមចលនាយុវជនកម្ពុជា តាមបណ្តារាជធានី ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តចូលរួមផងដែរ។

លោក ម៉ឹង ពន្លក បានឲ្យដឹងថា សមាសភាពដែលបានចូលរួមកម្មវិធីជិះកង់នេះ គឺមកពីក្រុមសមាគមចលនាយុវជនកម្ពុជា រាជធានី ខេត្ត សំខាន់គឺខេត្តសៀមរាប ដែលមានចំនួនកង់ចូលរួមសរុប ៣១០កង់ ក្នុងការប្រ​មូលមូលនិធិទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយទទួលបានថវិកាគិតជាប្រាក់ខែ្មរ ចំនួន ៧៥លានរៀល និង ប្រាក់ដុល្លារ ៥៩ពាន់៦០០ដុល្លារអាមេរិក ដែល​ទទួលបានពីសប្បុរសជនទាំងក្នុង ក្រៅប្រទេស ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

លោកក៏បានគូសបញ្ជាក់ថា ថវិកាទាំងនេះជាការបង្ហាញឲ្យឃើញពីភាពយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែ​លជាបិតាសន្តិភាពនៅកម្ពុជា។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយុវជនយើងមានសិទ្ធិជ្រើសរើស និងបានចូលរួមក្នុងកិច្ចការពារកសាង និងអភិវឌ្ឍន៍ប្រទេស។

លោកក៏បានឲ្យដឹងទៀតថា ជាច្រើនលើកមកហើយ នៅរៀងរាល់ឆ្នាំ សមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧ ) ក្នុងការរៀបចំកម្មវិធីជិះកង់ ដោយផ្អែកលើទស្សនវិស្ស័យរួមគ្នាជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌។

ម៉្យាងវិញទៀតក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផាខេត្តសៀមរាប ដែលកំពុងត្រូវការការចូលរួមជាចាំបាច់សម្រាប់ការជួយ សង្គ្រោះជីវីតកុមាររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

លោក ម៉ឹង ពន្លក បានបន្តទៀតថា កម្មវិធីឆ្នាំនេះ បានជ្រើសរើសយកខេត្តប្រវត្តិសាស្ត្រសៀមរាប ដែលជាខេត្តសម្បូរនូវសម្បត្តិវប្បធម៌ដ៍សម្បូរបែប មានប្រាង្គប្រាសាទ និងរមណីយដ្ឋានធម៌ជាតិ ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត។

ហើយចំពោះការជិះកង់នេះ គឺបានផ្តល់នូវសុខភាពមាំមួន មានភាពស្រស់ថ្លានៃគំនិត ហើយក៏ជាកត្តានៃមហាសាមគ្គីមួយដ៏រឹងមាំដែលស្តែងចេញពីកម្លាំងយុវជន យើងគ្រប់រូបជ្រកក្រោមដំបូលសុខសន្តិភាព។

លោក បានបញ្ជាក់ថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) គឺនៅតែបន្តធ្វើកម្មវិធីជិះកង់ប្រមូលមូលនិធិជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ក្នុងការទ្រទ្រង់សុខភាព មាតា និងទារកសំខាន់ចំពោះកុមារៗ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអី្វឡើយ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀម​រាប ក៏បានធ្វើការថ្លែងអំណរគុណចំពោះសមាគមចលនាយុវជនកម្ពុជា​ (ក្រុម ១៥៧) ដែលបានជ្រើសយកខេត្ត សៀមរាប ធ្វើកម្មវិធីជឹះកង់ប្រមូលមូលនិធិទ្រទ្រង់មន្ទីរ ពេទ្យ គន្ធបុប្ផាខេត្តសៀមរាប។

លោក បានគូសបញ្ជាក់ផងដែរ នៅជារៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផា បានទទួលប្រាក់បន្ថែមលើការលក់សំបុត្រទស្សនាអង្គរ ព្រមទាំងមានសប្បុរសជនក្នុង និង ក្រៅស្រុក បានបរិច្ចាគឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ។ ម៉្យាងទៀតដោយមន្ទីរពេទ្យគន្ធ​បុប្ផាខេត្តសៀមរាប ត្រូវបានធ្វើការព្យាបាលជម្ងឺកុមារ និងស្ត្រីមកពីគ្រប់បណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។

លោក បានបន្តទៀតថា ខេត្តសៀមរាប គឺមានមន្ទីរពេទ្យសម្រាប់ព្យាបាលកុមារចំនួន២កន្លែង គឺមន្ទីរពេទ្យគន្ធ​បុប្ផា និង មន្ទីរពេទ្យកុមាអង្គរ គឺត្រូវការពឹងផ្អែកការចូល​រួមពីសប្បុរសជន និងជំនួយផ្សេងៗផងដែរ។ លោក ទៀ សីហា ក៏មានសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយ​ជាព្រឹត្តិការណ៍នៃសកម្មភាពមនុស្សធម៌ប្រចាំឆ្នាំដើម្បីមោទនភាពរបស់សង្គមជាតិជាព្រឹត្តិការណ៍បង្កើតភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងកុមារកម្ពុជាទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា ក្នុងសកម្មភាពនៃការជិះកង់នេះ ដោយធ្វើដំណើរក្នុងចម្ងាយ ៣៦គីឡូម៉ែត្រ ដោយបានចាប់ចេញពីចំណុចអង្គរឃ្យុងយូរ ទៅកាន់មុខព្រលានជល់ដំរី ដោយធ្វើការជិះឆ្លងកាត់នៅតាមតំបន់មានឧប​សគ្គកាត់ព្រៃនៅភូមិ ក្នុងតំបន់អង្គរ ហើយបន្តដំណើរតាមវង់ធំ ជិះកាត់ព្រៃ ឆ្លងស្ពានយោល និងបានបន្តដំ​ណើរឆ្ពោះមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើមី្បធ្វើពិធីបញ្ចប់កម្មវិធីរបស់ខ្លួន៕

អត្ថបទទាក់ទង