ខ្មែរប៉ុស្ដិ៍ Close

កូនឈើជាងមួយពាន់ដើម នឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
កូនឈើជាងមួយពាន់ដើម នឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត កូនឈើជាងមួយពាន់ដើម នឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

កូនឈើជាងមួយពាន់ដើម ត្រូវបានដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប មកកាន់រមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប រហូតដល់មុខប្រាសាទអង្គរវត្ត។

គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។

កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង១,០០០ដើម ជាកូនឈើធ្នង់ដែលជាប្រភេទឈើប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរា ទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។

ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕

អត្ថបទទាក់ទង