អង្គរសង្ក្រាន្តឆ្នាំ២០២៣ នឹងរៀបចំឡេីងវិញរយៈពេល៤ថ្ងៃ ដែលមាន៦ទីតាំងកម្សាន្ត និង៤៤កម្មវិធី
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តជាមួយអាជ្ញាធរខេត្ត នៃគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ( ក្តីស្រមៃ និងក្តីសង្ឃឹម ) អាជ្ញាធរខេត្តនាពេលនេះ បានពិនិត្យទៅលើរាល់ គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត ព.ស២៥៦៦.២៥៦៧គ.ស ២០២៣ឲ្យដំណើរការទៅទទួលដោយជោគជ័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។ ឯកឧត្តម អភិបាលខេត្តក៏បានសង្កត់ធ្ងន់ដោយមន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជនត្រូវពង្រឹងលេីបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ បញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្តគ្រប់ប្រភេទទៀតផងនៅតំបន់ប្រារព្ធពិធី ។
នាឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ។ ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ-១៩ ដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្តសារជាថ្មី និង ស្របនឹងខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន និង មហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ដែលជាការផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សា កេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំ អង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ ក៏ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារ (អន្សមយក្ស ,ការរាំចង្វាក់ម៉ានីហ្សូន , ក្រម៉ា ដែលវែងជាងគេ , ចាប៉ីដងវែង )។ សមទ្ធិផលទាំងនេះជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មាន៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង ៕