រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នាំយកអំពូលសឡាចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកទឹកផុស
ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពី៩ឃុំក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានទទួលអំណោយជាផ្ទាំងសូឡាសម្រាប់ដាក់អោយប្រេីប្រាស់និងប្រជាការពារ២០០នាក់បានទទួលពិលម្នាក់ៗមួយ។
ពិធីនេះបានប្រារព្ធធ្វើ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៩ នៅស្រុកទឹកផុសក្រោមអធិបតីភាពលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុសនិងស្រុកកំពង់លែង និងមានការចូលរួមពីអស់លោក លោកស្រី ប្រតិភូក្រសួង ក្រុមការងារ អាជ្ញាធរដែនដីផងដែរ។
នាឱកាសនោះ លោក ត្រាំ អ៉ីវតឹក បានមានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីឃុំ៩ក្នុងស្រុកទឹកផុស មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ក្រុមការងារបាននាំយកអំពូលសូឡា ជូនដល់គ្រួសារខ្វះអគ្គិសនី ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃអោយមានភាពងាយស្រួលជាងមុន និងដើម្បីលើកស្ទួយកម្រិតជីវភាពអោយកាន់តែមានភាពប្រសើរឡើងផងដែរ៕