ការបង្កើតច្បាប់របស់សភាអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា
ថ្មីៗនេះ សភាសហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញសាជាថ្មីម្តងហើយម្តងទៀតនូវភាពក្រអឺតក្រទជាមួយនឹងអនុត្តរភាពច្រង៉េងច្រង៉ាងតាមរយៈការអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាទង្វើប្រមាថទាំងស្រុងទៅនឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យមួយ។ តើប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យឬទេ? តើប្រជាជនកម្ពុជាទាំងមូលអាចព្រមទទួលយកភាពអយុត្តិធម៌ ផ្ទុយនឹងតថភាពជាក់ស្តែង ដែលបាននិងកំពុងកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នបានឬទេ? តើកម្ពុជាអាចទទួលយកការរំលោភបំពាន និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឬទេ?
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់យ៉ាងច្បាស់អំពីរបបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយដែលប្រទេសកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងត្រឹមត្រូវតាមមាគ៌ាប្រជាធិបតេយ្យនេះដោយឥតងៀករេ។ ជាមួយនឹងដំណើការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មនេះ ប្រជាជនកម្ពុជាទាំងមូលបានហែលឆ្លងការរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យមួយបែបប្រកបដោយមោទនភាព និងភាពសុខដុមណីយកម្មក្នុងសង្គម ដោយប្រជាជនរាល់រូបបានអនុវត្តសិទ្ធិបោះឆ្នោត ក្នុងនាមពួកគេជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិស្វ័យសម្រេចរបស់ពួកគេ ក្នុងរដ្ឋអធិបតេយ្យមួយ។
ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ពិតជាលទ្ធផលកើតចេញពីការវាយតម្លៃគ្មានសុចរិតភាព ការមួលបង្កាច់ បំភ្លៃ និងបំពុល បំភាន់ ដោយលំអៀងរបស់សភាសហរដ្ឋអាមេរិក ក្នុងគោលដៅចង់រំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា និងក៏ជាគោលបំណងជាយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីបំពេញមហិច្ចតា និងក្តោបផលប្រយោជន៍របស់ខ្លួន ក្នុងភូមិសាស្រ្តនយោបាយនៃឥណ្ឌូប៉ាស៊ីហ្វីកមួយនេះ ដែលមហាជនទូទៅបានមើលឃើញថា សហរដ្ឋអាមេរិកទំនងត្រឡប់ដើរតាមគន្លងអតីតកាលក្នុងទសវត្សឆ្នាំ១៩៧០ ដែលរបបសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេចព្រះបីតា នរោត្តម សីហនុ ត្រូវបានផ្តួលរំលំ ហើយក្តីមហន្តរាយ និងវិនាសកម្មដ៏ឈឺចាប់មួយ ក៏បានកើតផងក្នុងប្រទេសកម្ពុជាពីពេលនោះមក។
ទំព័រប្រវត្តិសាស្រ្តថ្មីលើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតមួយយ៉ាងទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង ហើយបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែទទួលបានការគាំទ្រលើសលុប និងត្រូវប្រជាពលរដ្ឋ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងលោកឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ ក៏ព្រោះតែ ច្បាប់កម្ពុជា មិនបានកំណត់អាណត្តិដឹកនាំ របស់នាយករដ្ឋមន្រ្តីឡើយ ក៏ប៉ុន្តែនេះច្បាស់ណាស់ គឺជាច្បាប់ និងឆន្ទៈដ៏លើសលុបរបស់ប្រជាជនកម្ពុជា ដែលជាអ្នកបោះឆ្នោត និងក៏ជាម្ចាស់នៃជោគវាសនាប្រទេសជាតិរបស់ខ្លួន ហើយដែលជាអ្នកអនុវត្តនូវសិទ្ធិស្វ័យសម្រេច ដើម្បីជ្រើសរើសអ្នកដឹកនាំ និងរបៀបនៃការដឹកនាំប្រទេស ក្នុងរដ្ឋអធិបតេយ្យមួយនេះ។ ក្នុងការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យនៃរដ្ឋនីមួយៗ ក្នុងពិភពលោក គ្មានស្តង់ដារកំណត់អំពីការដឹកនាំរដ្ឋនោះទេ ក៏ព្រោះតែប្រទេសនីមួយៗមានវប្បធម៌ សង្គម ភាសា និងប្រវត្តិសាសន៍ និងជំនឿសាសនាខុសៗគ្នា។
ទោះបីយ៉ាងណាក៏ដោយ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេស ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក្នុងការអនុវត្តនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងការជ្រើសរើសអំពីរបៀបនៃការដឹកនាំប្រទេស និងរដ្ឋាភិបាល ឬអ្នកដែលត្រូវបានជ្រើសតាំងដឹកនាំប្រទេស។ ការវាយតម្លៃអំពីការដឹកនាំនៅប្រទេសកម្ពុជាបច្ចុប្បន្នថា គ្មានភាពប្រជាធិបតេយ្យ គឺពិតជាការប្រមាថទាំងស្រុងទៅនឹងឆន្ទៈ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា។
ជាគោលការណ៍ និងក្រិត្យក្រមទូទៅក្នុងការអនុវត្ត គឺប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋមួយរឹងមាំ និងច្បាស់លាស់ចាំបាច់។ ក្នុងន័យនេះ កម្ពុជា គឺជារដ្ឋអធិបតេយ្យត្រូវមានអំណាចអនុវត្តច្បាប់ជាតិរបស់ខ្លួន ដើម្បីថែររក្សាការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ហើយជាកាតព្វកិច្ចប្រកបដដោយធម្មានុរូបភាព (Legitimacy) របស់រាជរដ្ឋាភិបាល ក្នុងការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិរបស់ខ្លួន ដោយប្រឆាំងដាច់ខាតនូវការរំលោភបំពាននិងទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យមួយ។
ជារួម ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៩ ដែលសភាសហរដ្ឋអាមេរិកបានអនុម័តថ្មីៗនេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវការប្រមាថមួយដ៏ធ្ងន់ធ្ងរមកលើឆន្ទៈ និង សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ ហើយក៏ជាទង្វើរំលោភ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទាំងកម្រោល និងអយុត្តិធម៌បំផុត។ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពសព្វបែបយ៉ាង វាស្ទើតែលែងជាប្រធានបទដែលត្រូវលើកយកមកធ្វើជាព័ត៌មានប្រជាភិថុតិ បំភ្លៃ បំពុលមួលបង្កាច់ ចំពោះហេតុការណ៍ពិត តថភាពជាក់ស្តែងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន នៅពេលប្រជាជនកម្ពុជាទាំងមូលបានសារទរនឹងយុគសម័សមាស យុគសម័យសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាជនបានរស់ក្នុងជីវភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការរំពឹងទុកថា ប្រទេសជាតិទាំងមូលនឹងរស់ក្នុងសុខសន្តិភាពយូរអង្វែង ជាមួយនឹងវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង និងរុងរឿងទៅថ្ងៃខាងមុខនេះ ដរាបណាទង់សន្តិភាពត្រូវបានប្រជាជនកម្ពុជារួបរួមសាមក្គីជ្រោងឡើង៕
ដោយ ឡុង បូរិតា