ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យអនុវត្តវិធានការការពារជំងឺគ្រុនឈាម ឱ្យសកម្ម ខណៈស្លាប់២៥នាក់ និងឈឺ១ម៉ឺន៥ពាន់នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យអនុវត្តវិធានការការពារជំងឺគ្រុនឈាម ឱ្យសកម្ម ខណៈស្លាប់២៥នាក់ និងឈឺ១ម៉ឺន៥ពាន់នាក់ ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យអនុវត្តវិធានការការពារជំងឺគ្រុនឈាម ឱ្យសកម្ម ខណៈស្លាប់២៥នាក់ និងឈឺ១ម៉ឺន៥ពាន់នាក់

ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយបានសម្លាប់មនុស្ស២៥នាក់ហើយ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ ខណៈដែល ពលរដ្ឋនៅកម្ពុជា១៥០០០នាក់ បានឆ្លងជំងឺនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅមុននេះបន្តិច។

ឆ្លើយតបនឹងការផ្ទុះជំងឺគ្រុនឈាមដ៏ខ្លាំងក្លានេះ ក្រសួងសុខាភិបាល បានអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារជំងឺគ្រុនឈាមតាមរយៈការអនុវត្តន៍វិធានការមួយចំនួនដូចជា៖

វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូប ត្រូវកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដូចជា ពាង អាងទឹក ថូផ្កា បានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាល ដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលមិនប្រើប្រាស់ទុកចោល ដូចជាសំបកកង់សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត ត្រូវកប់ ឬដុត ឬកំទេចចោល ឬទុកដាក់ឲ្យមានរបៀប កុំឲ្យមានទឹកដក់។

វិធានការទី២៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ពិសេសសំបកកង់ឡាន និងសំបកកង់ម៉ូតូទាំងអស់ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោល ពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើងនិងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។ វិធីសាស្រ្តក្នុងការគ្រប់គ្រងសំបកកង់ ដោយសុវត្ថិភាពគ្មានសត្វមូសកកើត គឺត្រូវ៖ ដាក់គរត្រួតលើគ្នាគ្របដោយបន្ទះក្តាជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូលឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូលដើម្បីការពារកុំឲ្យមានដក់ទឹក ដែលបង្កទៅជាប្រភពកកើត និងជំរកមូសខ្លា។

វិធានការទី៣៖ ត្រូវសម្អាតការដ្ឋានសំណង់ កុំឲ្យមានកន្លែងទឹកចូលជាជម្រកមូសខ្លា និងរក្សាអនាម័យល្អជានិច្ច។

វិធានការទី៤៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាថែទាំសុខភាពរដ្ឋ (សេវាសាធារណៈ) ដែលនៅជិតបំផុតជាបន្ទាន់ (មិនឲ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ (សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មាន សមត្ថភាពផ្នែកជំងឺគ្រុនឈាមឲ្យសោះ)។

ជំងឺគ្រុនឈាម អាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា ឬព្យាបាលមិនមានជំនាញវិជ្ជាជីវៈ ឬបើមានប្រើប្រាស់ប្រភេទថ្នាំអាស្ពីរីន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដល់មន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយ៉ាងសកម្មឆ្លើយតបនឹងជំងឺគ្រុនឈាមដោយអស់ពីកម្លាំងកាយ-ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តតាមការណែនាំខាងលើ ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង