ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ទីណាមានទុក្ខ ទីនោះមានមុខលោកនាយក រដ្ធមន្ត្រីហ៊ុនសែន» !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
លិខិតមិត្តអ្នកអាន៖ «ទីណាមានទុក្ខ ទីនោះមានមុខលោកនាយក រដ្ធមន្ត្រីហ៊ុនសែន» ! លិខិតមិត្តអ្នកអាន៖ «ទីណាមានទុក្ខ ទីនោះមានមុខលោកនាយក រដ្ធមន្ត្រីហ៊ុនសែន» !

នេះគឺជាពាក្យដែលគេតែងលឺពលរដ្ឋខ្មែរ និយាយនិងជាពាក្យដែលខ្ញុំយល់ថាពិតជា ស័ក្តិសម បំផុតសម្រាប់ពិពណ៌នា អំពីលោក«ហ៊ុន សែន» ។

សកម្មភាពមួយចុងក្រោយនេះដែលលោក ហ៊ុន សែន បានធ្វើពាក់ព័ន្ធនឹងករណីបាក់រលំអាគារ ៧ ជាន់ក្នុងក្រុងព្រះសីហនុ ពិតជាបានចាក់ចំបេះដូងខ្ញុំក៏ដូចជាបេះដូងពលរដ្ឋខ្មែរ ទូទាំងប្រទេសឲ្យនឹក ឃើញឡើងវិញនូវសកម្មភាពគ្រប់បែបយ៉ាងដែល មេដឹកនាំខ្មែររូបនេះបានធ្វើស្ទើរពេញមួយជីវិត របស់ខ្លួនដើម្បីបុព្វហេតុជាតិនិងជនរួមជាតិជាទី ស្រឡាញ់របស់គាត់។

គ្រាន់តែចុះពីលើ យន្តហោះមកពីកិច្ចប្រជុំក្រៅប្រទេសភ្លាម លោកហ៊ុន សែន ក្នុងភាពជាអ្នកដឹកនាំប្រទេសដ៍ពិតប្រាកដ មួយបានឡើងរថយន្តភ្លាមឆ្ពោះទៅកាន់ខេត្តព្រះសីហនុភ្លាមដោយមិនបានគិតពីការនឿយ ហត់ឡើយ ហើយគាត់បានធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយរហូត ដល់ម៉ោងរំលងអធ្រាត្រទើប ទៅដល់គោលដៅ។

មិនបង្អង់យូរ ខ្ញុំឃើញលោក នាយករដ្ធមន្ត្រីក្នុងសម្លៀកបំពាក់យោធារូបនេះបានចុះទៅពិនិត្យ មើលដោយផ្ទាល់ដល់ កន្លែងកើតហេតុនិងបន្តស្ថិតនៅជាមួយ ក្រុមសង្គ្រោះរហូតដល់ម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ទើបគាត់ វិលទៅកន្លែងសម្រាក។ ប៉ុន្តែ ទោះជាវិលទៅកន្លែងសម្រាកក៏ពិតមែន ក៏យើងបានដឹងថា លោកហ៊ុន សែនមិនអាចសម្រាកលង់លក់បានឡើយនៅក្នុងខណៈដែលប្រជាពលរដ្ឋរបស់គាត់កំពុងមានទុក្ខលំបាក ដោយក្តីសោកសង្រេងបែបនេះ។ កិច្ចការជាច្រើនត្រូវបានគាត់ចាប់យកមក ពិនិត្យនិងសម្រេចជាបន្ទាន់ប្រកបដោយការ ទទួលខុសត្រូវ។ ដៃម្ខាងបញ្ជាក្រុមការងារដើម្បីរុករកជនរងគ្រោះដែលកប់ក្នុងគំនរបាក់បែកនៃអាគារ ហើយដៃម្ខាងទៀតកាន់ប៊ិចដើម្បីចារលើឯកសារនិងធ្វើសេចក្តី សម្រេចជាបន្ទាន់ៗ មួយចំនួន។
ក្នុងទឹកមុខដ៏ក្រៀមក្រំ ក្នុងស្ថានភាពនឿយហត់ អត់ងងុយយ៉ាងណា ក៏លោកនាយករដ្ឋមន្ត្រីរូប នេះមិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ឡើយ។ អារម្មណ៍របស់គាត់គឺពិតជាបានដិតជាប់ជាមួយក្រុមគ្រួសារជនរងគ្រោះដែលជាជនរួមឈាមរបស់គាត់ ហើយ ដែលគាត់តែងតែចាត់ទុកដូចជា សាច់ញាតិរបស់ខ្លួនយ៉ាង ដូច្នោះដែរ។

ដោយសារគាត់មានសញ្ជាតិជាខ្មែរនិងមានញាណពិសេសជាប់ខ្លួនតាំងពីកំណើត លោកហ៊ុន សែន មានអារម្មណ៍រសាប់រសល់ក្នុងក្តីរំពឹងថា អាច មានមនុស្សដែលនៅរស់រានមានជីវិតនៅឡើយដែលកំពុងកប់ក្នុងគំនរឥដ្ឋ និងដែកដែលជាបំណែក នៃការបែកបាក់របស់ អាគារ។
ញាណពិសេសរបស់គាត់ នេះហើយដែលបានជំរុញចិត្តគាត់ឲ្យបញ្ជាទៅក្រុម រុករកឲ្យបង្កើនសកម្មភាពដើម្បីជួយសង្គ្រោះ។ ទីបំផុត នៅពេលដែល លោកហ៊ុន សែន ធ្វើដំណើរមកដល់កន្លែងកើតហេតុជាថ្មី កម្មករ២ នាក់ទៀតដែលនៅ រស់រានមានជីវិតក៏ត្រូវបានក្រុមសង្គ្រោះរកឃើញមែន។ ដោយក្តីរំភើប ក្តុកក្តួល អួលដើមក និងហូរទឹកភ្នែកដោយមិនដឹងខ្លួន លោកនាយករដ្ឋមន្ត្រីក៏បានឡើងលើរថយន្តសង្គ្រោះដើម្បីបានជួបជា មួយជនរងគ្រោះហើយជាពិសេស បានជូតមុខ មាត់អោយអ្នកទាំង២នាក់ នោះនិងក៍បានជូនដំណើរពួកគេទៅកាន់មន្ទីរពេទ្យដោយផ្ទាល់។ នៅលើ លោកនេះ តើមានមេដឹកនាំរូបណាដែលអាចធ្វើបានដូច្នេះ?

បន្ទាប់ពីបានជួយសង្គ្រោះអ្នកទាំង នាក់២ចុងក្រោយនេះ លោកហ៊ុន សែន ក៏បានប្រកាសបញ្ចប់ យុទ្ធនាការរុករកតែត្រឹមនេះពីព្រោះអ្វីដែលគាត់ បានធ្វើគឺធ្វើអស់ពីចិត្តហើយ និងបានជួយ សង្គ្រោះជនរួមឈាមរបស់គាត់២នាក់ ចុងក្ រោយបានដូចបំណង។ នេះគ្រាន់តែជាសកម្មភាព មួយក្នុងចំណោម សកម្មភាព ជាច្រើនរាប់មិនអស់ដែលលោក ហ៊ុន សែន បានធ្វើជាមួយជនរួមជាតិ របស់គាត់។ ដោយគ្រាន់តែរម្លឹកឡើង វិញត្រួសៗ កាលពីជាង៤០ ឆ្នាំមុន គាត់ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បី សង្គ្រោះខ្មែរទូទាំងនគរឲ្យរួចផុតពីវាលពិឃាតនៃ របបប៉ុល ពតអាវខ្មៅ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

កាលណោះនៅពេលដែលឃើញជនរួមជាតិ របស់ខ្លួនកំពុងធ្លាក់ក្នុងរណ្តៅមរណៈក្នុងបនប្រល័យពូជសាសន៍ លោក ហ៊ុន សែន បានចាកចោលផ្ទះសម្បែង ចោលប្រពន្ធកូនជាទីស្រឡាញ់ដើម្បីចេញទៅ រកវិធីជាក់ស្តែងជួយសង្គ្រោះពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា ដើម្បីរួចផុតពីសេចក្តី ស្លាប់។
ខុសពីមនុស្សមួយចំនួនដែលចាកចេញពីស្រុកដើម្បីគេចយករួចខ្លួន ពីសេចក្តីស្លាប់តែម្នាក់ឯង លោក ហ៊ុន សែន បានចាកចេញពីស្រុកកំណើត បែកក្រុមគ្រួសារ ប្រពន្ធកូន និងប្រថុយជាមួយ សេចក្តីស្លាប់គ្រប់ប្រការគឺដើម្បីរំដោះខ្មែររាប់លាន នាក់ឲ្យរួចផុតពីសេចក្តី ស្លាប់។ នេះគឺជាបេសកកម្មធំដំបូងគេបង្អស់មួយរបស់លោក ហ៊ុន សែន។

បេសកកម្មនេះក៏បានសម្រេចដូចបំណងនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ទោះយ៉ាងណា បេសកកម្ម របស់គាត់នៅមិនទាន់ចប់ត្រឹមការរំដោះខ្មែរអោយរួចផុតពីការស្លាប់នោះទេ។ នៅមានកិច្ចការជាច្រើនទៀដែលលោក ហ៊ុន សែន ត្រូវបន្តបំពេញ នោះគឺ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ រីឯដៃម្ខាង ទៀតស្តារ ប្រទេសជាតិឡើងវិញពីគំនរផេះផងនៅក្រោមសម្ពាធហ៊ំព័ទនយោបាយនិងសេដ្ធកិច្ចពី
អន្តរជាតិជុំទិស។

ទោះបីជារបបប៉ុល ពតបានដួល រលំក៏ពិតមែន ប៉ុន្តែកម្លាំងរបស់ពួកខ្មែរក្រហមនៅតែបន្តមាននៅឡើយ និងបន្តរំខានសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរគ្រប់ពេល។ ហើយសូម្បីតែមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិពីចុងឆ្នាំ១៩៩១ដល់១៩៩៣ក៏នៅតែមិនអាចបញ្ចប់សង្គ្រាម នៅកម្ពុជានោះបានដែរ។
ក្នុងស្ថានភាពបែបនេះ លោកហ៊ុន សែន ដែលបានចាប់ កំណើតលើផែនដីនេះ ក្នុងនាមជាអ្នកជួយសង្គ្រោះខ្មែរ ក៏បានរកឃើញនូវរូបមន្តដ៏មានប្រសិទ្ធិភាពបំផុតមួយដើម្បីបញ្ចប់សង្គ្រាម។ រូបមន្តនោះគឺ «នយោបាយឈ្នះឈ្នះ» មានន័យថា ការបញ្ចប់សង្គ្រាមដោយមិនចាំបាច់ធ្វើសង្គ្រាម។ តាមរយៈរូបមន្តដ៏កម្រនេះ កម្ពុជាក៏បានស្គាល់សន្តិភាពពេញ លេញចាប់ពីឆ្នាំ ១៩៩៨ រហូតមក។

ប្រទេសជាតិមានសន្តិភាព គឺជា ពេលវេលាដែលត្រូវអភិវឌ្ឍន៍។ កម្ពុជាដែលធ្លាប់តែស្ងាត់ជ្រងំហើយភ្នំពេញដែលធ្លាប់ជាទីក្រុងខ្មោចបានប្រែក្លាយជាប្រទេសដែលមានចរាចរណ៍អ៊ូរអរនិងមាន សំណង់លូតលាស់គ្រប់ទិសទី។ ភ្នំពេញបានក្លាយជារាជធានីដែលណែនណាន់ដោយមនុស្សម្នា យានយន្តនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មដ៏រស់រវើក។ ភ្នំពេញដែលធ្លាប់តែនៅឆ្ងាយដាច់សង្វែងពីខេត្តនានាបានក្លាយជាជិតបង្កើយដោយសារតែមានផ្លូវថ្នល់ខ្វែងខ្វាត់រលោងស្រិល ស្ពានឆ្លងទន្លេព្រោងព្រាត រីឯ យានជំនិះក៏សម្បូរបែប។

ទោះជាយ៉ាងនេះក៏ដោយ ក៏ លោក ហ៊ុន សែន មិនដែល បោះបង់ចោលពលរដ្ឋរបស់ខ្លួនម្តងណាឡើយ។ រាល់ពេលដែល ពលរដ្ឋជួបបញ្ហាដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ឬមានបញ្ហាធំៗផ្សេងទៀត គេតែងឃើញមានវត្តមានរបស់គាត់ចុះដល់ទីនោះជាដរាបដើម្បីរួមសុខ រួមទុក្ខ ជាមួយជនរួមជាតិរបស់ខ្លួន។ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំហ៊ាននិយាយបានថា មេដឹកនាំម្នាក់នេះមិនដែលរត់ចោលប្រជាពលរដ្ឋ និងមិនដែលគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញ ទីណាមានទុក្ខ ទីនោះពិតជាមានមុខលោក នាយករដ្ធមន្ត្រីហ៊ុន សែន។

ខ្ញុំនៅចាំបានថា គាត់ត្រូវបានជនបរទេសដាក់រហ័សនាមថាជាបុរសខ្លាំងរបស់កម្ពុជា។ នេះពិតជាត្រឹមត្រូវព្រោះខ្ញុំឃើញចំណុចខ្លាំងរបស់គាត់គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជា ស្ថាបនិកសន្តិភាពនិងការអភិវឌ្ឈន៍ប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរមិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ លោកហ៊ុន សែន ដែលប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលការណ៍ «រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលះទេសះ » ពិតជាបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទីហើយបើខ្ញុំមិនសរសើរគាត់ជាពិសេសបើខ្ញុំមិនទទួលស្គាល់លោក
នាយករដ្ធមន្ត្រីហ៊ុន សែនថា ពិតជាវីរៈបុរសរបស់ពលរដ្ឋខ្មែរទេ នោះ គឺស្មើនឹងខ្ញុំក្បត់មនសិការខ្លួនឯង ។
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង