ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តួចផ្តើម៧ចំណុច ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តួចផ្តើម៧ចំណុច ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តួចផ្តើម៧ចំណុច ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីឱ្យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសន្តិសុខនៅក្នុងតំបន់ លោកបានផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនដល់អង្គសន្និសីទ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

គំនិតផ្តួចផ្តើម៧ចំណុចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចខាងក្រោម៖
ទី១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសាកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាព នៃបច្ចេកវិទ្យាឌីជីថល។

ទី២- ត្រូវរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមរយៈការផ្សព្វផ្សាយពិតដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

ទី៣- ត្រូវពង្រឹងការអនុវត្តន៍ច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំគួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹង ដោយការស្អប់ខ្ពើមរើសអើង បង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬផ្តល់ព័ត៌មានខុសពីការពិត ដែលបង្កើតឱ្យមានអសន្តិសុខសង្គម។

ទី៤- ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធដើម្បីដោះស្រាយទំនាស់ ផ្សាយព័ត៌មានដែលបង្កឱ្យមានភាពវឹកវរ និងប៉ះពាល់ដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥- ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារនៃការវិវត្តន៍បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តន៍សភាពការណ៍សាកលលោក។

ទី៦- ត្រូវធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយជាប្រពៃណី ក្លាយទៅជាប្រព័ន្ធដែលមានភាពវ័យឆ្លាត និងអាចបត់បែនទៅតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល។

ទី៧- ត្រូវរួមគ្នាកសាងគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្រ្ត បទប្បញ្ញត្តិ សម្រាប់ផ្សព្វផ្សាយព័ត៌មាននិងបទប្បញ្ញតិ្តស្តង់ដារឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាព ទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា៕

អត្ថបទទាក់ទង