ខ្មែរប៉ុស្ដិ៍ Close

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តសៀមរាប មានប្រារព្ធធ្វើទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក សិស្សានុសិស្ស គរុសិស្ស និង យុវជនកាកបាទក្រហម ព្រមទាំងសហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ សរុបចំនួន៥១០នាក់ចូលរួម។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញនិន្នន័យ ក្នុងការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាបរយៈពេល៤ខែ រវាងឆ្នាំ២០១៨និងឆ្នាំ២០១៩ ឃើញថា ឆ្នាំ២០១៩នេះមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៨ ករណី បណ្តាលឲ្យស្លាប់មនុស្ស ២៦នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ១៤នាក់ គឺមិនថយចុះឡើយ។ លោកបានវាយតម្លៃថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺនៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងបន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម។

លោក ពិន ប្រាកដ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើងគឺជាការបន្លឺស្នូរជួងជាថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើងនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ និងបើកបរយានយន្ត។ លោក ពិន ប្រាកដ បានបញ្ជាក់ថា ប្រទេសស្ថិតនៅក្រោមដំបូល សុខសន្តិភាពពេញលេញ បានធ្វើឲ្យជីវភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងមានលទ្ធភាព ក្នុងប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែមានការកើនឡើងឥតគណនាពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហានិភ័យនៃការ កើតនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាបីយ៉ាង គឺកត្តាមនុស្ស ,កត្តាសម្ភារៈមធ្យោបាយ និងផ្លូវថ្នល់។ លោកបានបន្តទៀតថា ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩នេះ ដើមី្បចូលរួមជាមួយអង្គការសហប្រជាជាតិ ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នេះ គឺសំដៅក្រើនរំលឹកពញាក់អារម្មណ៍ដល់ជនរួមជាតិគ្រប់រូបត្រូវបង្កើនការយកចិត្តទុកដាក់ ខ្ពស់ ក្នុងការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរតាមដងផ្លូវសាធារណៈដើមី្បចៀសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុផងដែរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវអានុសាសន៍ និងអំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ (ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ )។ ក្នុងនោះដែរ លោក ក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ល្អមួយចំនួនដល់សមាជិកនៃអង្គពិធី ដើមី្បជាមូលដ្ឋានគ្រឹះក្នុងការធានាបាននូចសុវត្ថិភាព នៅពេលបើកបរ បញ្ជាយានយន្តគ្រប់ប្រភេទក្នុងការបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវសិក្សាស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានការអាព្យាស្រ័យគ្នាក្នុងពេលបើកបរ មិនត្រូវបើកបរដោយមានជាតិស្រវឹង ហើយកត្តាសំខាន់នោះគឺត្រូវចេះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនឹះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច។ លោកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនក្នុងអង្គពិធី នៅពេលវិលត្រឡប់ទៅកាន់អង្គភាព មូលដ្ឋាន និងសាលារៀនវិញ ត្រូវជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិត្តភ័ក្តរបស់ខ្លួនឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទាំងនេះហើយគឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងការចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតមនុស្សយើងគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្នងការរងនគរបាលខេត្ត និងការប្តេជ្ញាចិត្តរបស់តំណាងនៃអង្គពិធីរួចមក គណៈអធិបតី ក៏បានធ្វើការបំពាក់មួកសុវត្ថិភាពដល់យុវជនកាកបាទក្រហម សិស្សានុសិស្ស គរុសិស្ស និង សហភាពសហព័ន្ធយុវជនខេត្តផងដែរ៕

អត្ថបទទាក់ទង