ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅ​វេលាម៉ោង​២៣ និង​១០នាទី​ មុន​នេះ​

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 57
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅ​វេលាម៉ោង​២៣ និង​១០នាទី​ មុន​នេះ​ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅ​វេលាម៉ោង​២៣ និង​១០នាទី​ មុន​នេះ​

បន្ទាប់ពីបានហោះហើរចេញពីប្រទេសអូស្ត្រាលីរយៈពេលប្រមាណ១០ម៉ោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពោរពេញដោយការស្រឡាញ់ និងស្នេហាជាតិ បានត្រឡប់មកដល់មាតុប្រទេសវិញហើយនៅម៉ោង២៣ និង​១០នាទី​ យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ប្រកបដោយភាពសប្បាយរីករាយ ព្រោះបាននាំប្រយោជន៍ជាច្រើនសម្រាប់ប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីកាលពីល្ងាចថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០១៨។ ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលីនេះ បើទោះបីមានការតវ៉ាប្រឆាំងពីក្រុមខ្មែរមាននិន្នាការប្រឆាំងមួយក្តាប់តូចយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំតំណាងឲ្យជាតិកម្ពុជាទាំងមូលបាននាំមកនូវប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងនាមជាប្រទេសសមាជិកអាស៊ានតាមរយៈប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដោយសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួមរហូតដល់២៨ចំណុចនោះ ឃើញថា កម្ពុជាបានទទួលផលមួយចំណែកទៅហើយក្នុងនាមជាប្រទេសសមាជិកអាស៊ាន។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន តាមរយៈជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាលខម ធើនប៊ុល ក៏បានទាញប្រយោជន៍មួយចំនួនទៀតសម្រាប់ជាតិកម្ពុជា។ ជាពិសេសគឺការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី នឹងការទទួលបានជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦៧លានដុល្លារអាមេរិក ដែលជាជំនួយសម្រាប់អភិវឌ្ឍន៍ជាតិកម្ពុជាទាំងមូល។

នៅមុនចេញដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះការចេញទៅប្រទេសអូស្ត្រាលីនាពេលនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្រ្តាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទ្ធជាមួយកម្ពុជាដែលប្រទេសយើងទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង ៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជាទៀតផង។ លទ្ធផលជោគជ័យទាំងនេះ គឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា»

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសអូស្ត្រាលីនាពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋខ្មែរ ព្រោះតែមុនដំណើររបស់សម្តេចមានក្រុមខ្មែរនៅអូស្ត្រាលីមួយចំនួនតូច រួមតាំងសមាជិកសភាបក្សប្រឆាំងរបស់អូស្ត្រាលីផងដែរ បានព្យាយាមរារាំង និងបំបាក់មុខប្រមុខរាជរដ្ឋាភិបាល តាមរយៈការប្រមូលផ្តុំដុតរូបសម្តេច និងការជួបជុំធ្វើបាតុកម្មជាដើម។

តែទោះជាយ៉ាងចេតនាទុច្ចរិតរបស់ខ្មែរនៅអូស្ត្រាលី និងសមាជិកសភាអូស្ត្រាលីមិនបានបង្កការប៉ះពាល់ដល់ដំណើររបស់សម្តេចតេជោ ហ៊ុន សែន។ ផ្ទុយទៅវិញសម្តេចតេជោ ក៏ត្រូវបានបងប្អូនខ្មែរនៅអូស្ត្រាលី និងនៅញូវហ្សឺឡែន ជាច្រើនបានចេញមកស្វាគមន៍យ៉ាងក្លៀវក្លាបំផុតចំពោះវត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលី។ សម្តេចតេជោ ហ៊ុន សែន បើទោះបីត្រូវមមាញឹកជាមួយកិច្ចប្រជុំផ្សេង តែក៏នៅតែឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី បើទោះបីការសំណេះសំណាលនោះធ្វើដល់ពាក់កណ្តាលអាធ្រាត្រក្តី។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសប្បាយរីករាយ និងចាត់ទុកការដែលបានជួបសំណេះសំណាលជាមួយខ្មែរនៅអូស្ត្រាលីនេះ ជារឿងជោគជ័យផងដែរចំពោះដំណើរលើទឹកដីអូស្ត្រាលីរបស់សម្តេច។

 

អត្ថបទទាក់ទង