លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាពង្រឹងប្រពៃណីវប្បធម៌ខ្មែរឱ្យបានគង់វង្សតាមរយៈពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងការផ្សព្វផ្សាយល្បែងរបាំ វប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសតាមតំបន់លេងកម្សាន្ត និងតំបន់ទេសចរណ៍នានា ហើយលោកបានបន្តថា កម្មវិធីសង្រ្កាន្តដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការថែរក្សាប្រពៃណីវប្បធម៌ជាតិរបស់យើងឱ្យបានគង់វង្ស។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យើងអាចពង្រឹងប្រពៃណីវប្បធម៌របស់យើងដោយយកឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត។ លោកបានបន្តថា កម្មវិធីសង្រ្កាន្តត្រូវតែពង្រាយធ្វើឱ្យបានគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ចំពោះពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីសាសនារបស់យើងវិញ លោកបានសង្កេតឃើញប្រជាពលរដ្ឋ ពុទ្ធសាសនិកជនធ្វើបានល្អប្រសើរហើយ ដោយមានការបោះបាយបិណ្ឌ និងដាក់បិណ្ឌរាប់បាតជាដើម៕