ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពនានានៃភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាដែលបានជួយសង្គ្រោះ និងប្រគល់សម្ភារៈជូនភ្ញៀវទេសចរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 18

យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០១៩ បង្ហាញថា ក្រុមការងារជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន១១៣ករណី។

បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ដែលមានជំនាញសង្រ្គោះបឋមនិងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុក្នុងករណីស្រាលៗនិងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន៩៣ករណី ដោយក្នុងនោះ សម្ភារៈចំនួន ៨៥ករណីត្រូវបានរកឃើញរួមមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញ។

ក្រៅពីសកម្មភាពសង្គ្រោះនិងការរើសប្រគល់វត្ថុដែលភ្ញៀវបាត់ ឬភ្លេច ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន ១៦៥ករណី ដែលរួមមាន៖ ការបង្ហោះដ្រូន (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្ស ព្វផ្សាយពាណិជ្ជកម្មនិង គូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត៕

អត្ថបទទាក់ទង