ខ្មែរប៉ុស្ដិ៍ Close

អជ្ញាធរជាតិអប្សរា ពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 32
អជ្ញាធរជាតិអប្សរា ពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ អជ្ញាធរជាតិអប្សរា ពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ

ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្ត ទុកដាក់ជាប្រចាំ។ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗជូនភ្ញៀវទេសចរ ពេលចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញា ពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ ។

ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល ពិសេស តាមជណ្តើរឡើងដែលមានសភាពចោតខ្លាំង ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនា ប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង ៕

អត្ថបទទាក់ទង