ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប ៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើនយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ»។ អង្គការ ILO គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ ក្នុងរយៈពេល ៥០ឆ្នាំមកនេះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលទាំង៨ គឺអនុសញ្ញាលេខ២៩, លេខ៨៧, លេខ៩៨, លេខ១០០, លេខ១០៥, លេខ១១១, លេខ១៣៨, លេខ១៨២, និងអនុសញ្ញាបច្ចេកទេសចំនួន៤ គឺអនុសញ្ញាលេខ៤, លេខ៦, លេខ១៣, លេខ១៥០ ព្រមទាំងអនុសញ្ញាអាទិភាពចំនួន១ គឺអនុសញ្ញាលេខ១២២។ ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការ ILO និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្តមួយចំនួន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សប្បាយរីករាយក្រៃលែង និងចូលរួមអបអរសាទរចំពោះខួប១០០ ឆ្នាំនៃអង្គការ ILO និងខួប ៥០ឆ្នាំនៅកម្ពុជាដែលចូលជាសមាជិករបស់អង្គការ ILO ក្រោមប្រធានបទ«បង្កើនយុត្តិធម៌សង្គម លើកកម្ពស់ការងារសមរម្យ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារសំខាន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានសហការជាមួយអង្គការ ILO រៀបចំពិធីដ៏មានអត្ថន័យនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីស្ថាប័នមួយនេះក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិខាងការងារដែលបានកំណត់បទដ្ឋានការងារនិងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គមនិងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បនេះ រាជរដ្ឋាភិបាលបានបង្កើតការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានកំណើរជាមធ្យម ៧% ក្នុងយរៈពេលជាង២ទស្សវត្សរ៍ ហើយបង្កើតការងារធ្វើក្នុងអត្រា ៩៩.៣% នៃកម្លាំងពលកម្មសរុបប្រមាណជាង១០លាននាក់់ ក្នុងនោះសហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត ១ម៉ឺន ៣ពាន់ ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់ និង សហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួនជិត ៦សែន ដែលមានកម្មករនិយោជិត ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណចំនួនប្រមាណជាង ៥សែននាក់៕

អត្ថបទទាក់ទង