ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ អំពើក្បត់ជាតិ ត្រូវតែផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 39
លិខិតមិត្តអ្នកអាន៖ អំពើក្បត់ជាតិ ត្រូវតែផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត លិខិតមិត្តអ្នកអាន៖ អំពើក្បត់ជាតិ ត្រូវតែផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត

ទីបំផុតមេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួកទាំងប្រាំពីរនាក់ទៀតនៅឯនាយសមុទ្រត្រូវបានតុលាការកម្ពុជាចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពវឹកវរ និងអសិ្ថរភាពសង្គម។ តើមានមូលហេតុអ្វីខ្លះ ដែលមេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ត្រូវចាប់ខ្លួន?

គេនៅចាំបានថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសាលដីកាសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងដាក់បំរាមអតីតថ្នាក់ដឹកនាំបក្សទាំង១១៨ រូប មិនឱ្យធ្វើសកម្មភាពនយោបាយបានឡើយ ក៏ប៉ុន្តែ អតីតថ្នាក់ដឹកនាំមួយចំនួននៃបក្សដែលត្រូវបានរំលាយនោះ បានប្រព្រឹត្តប្រឆាំងនឹងសាលដីការបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងបំពាន និងដ៏ព្រហើន ហើយបានបន្តបង្កើតចលនាឧទ្ទាមក្រៅច្បាប់មួយនៅឯនាយសមុទ្រ។

ប៉ុន្តែ ទង្វើថ្មីៗចុងក្រោយរបស់មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួកបានបន្តប្រព្រឹត្តអំពើយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀត កាលពីថ្ងៃទី២០ ២១ ២២ ២៥ ២៦ និងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហានងើបប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមប្រជាធិបតេយ្យ និងសេរីត្រឹមត្រូវ។ ចលនាឧទ្ទាមក្រៅច្បាប់ដែលមានមេក្លោងជាទណ្ឌិត និងបក្ខពួកទាំងប្រាំពីរនាក់ទៀត ដែលជាជនត្រូវបានតុលាការហាមប្រាមមិនឱ្យធ្វើសកម្មភាពនយោបាយ តែទីបំផុត ពួកគេនៅតែព្រហើនប្រព្រឹត្តអំពើប្រឆាំងនឹងសាលដីកា ហើយបានរួមគំនិតប្រព្រឹត្តអំពើក្បត់ និងបទឧក្រិដ្ឋជាច្រើនទៀត ក្នុងចរិតលក្ខណៈដ៏គ្រោះថ្នាក់ជាប្រព័ន្ធរបស់ចលនាឧទ្ទាមក្រៅច្បាប់នៅឯនាយសមុទ្រ និងបានបន្តរុញច្រានឱ្យមានចលនាងើបបះបោរជាប្រព័ន្ធនៅក្នុងផ្ទៃប្រទេស សំដៅនាំឆ្ពោះទៅរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់អ្នកបោះឆ្នោតយ៉ាងប្រាកដ។

ទាំងអស់នេះ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវបាន និងកំពុងប្រព្រឹត្តជាប្រព័ន្ធ ដឹកនាំដោយចលនាឧទ្ទាមក្រៅច្បាប់មួយនេះរួមមាន ទណ្ឌិតជាមេក្លោង អេង ឆៃអ៊ាង មួរ សុខហួរ អ៊ូ ច័ន្ទឫទ្ធិ ហូ វ៉ាន់ ឡុង រី ម៉ែន សុថាវរិន្រ្ទ និងតុ វ៉ានចាន់ ហើយដែលចលនាឧទ្ទាមក្រៅច្បាប់នេះបានបន្តញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង ឱ្យប្រជាពលរដ្ឋ និងទាហានងើបបះបោររំលំរាជរដ្ឋាភិបាល ដែលជាទង្វើបង្ករឱ្យមានអស្ថិរភាព និងអសន្តិសុខសង្គមដ៏គ្រោះថ្នាក់បំផុត ហើយក៏នឹងទាញទម្លាក់ប្រទេសឱ្យធ្លាក់ចូលក្នុងគ្រោះមហន្តរាយសារជាថ្មី។

ដើម្បីមហិច្ចតានយោបាយផ្ទាល់ខ្លួន មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក មិនញញើតនឹងរំលោភច្បាប់ជាតិទាំងបំពាន ហើយបានរួមគ្នាប្រព្រឹត្តអំពើក្បត់ជាតិជាចំហ និងជាប្រព័ន្ធបញ្ជាចេញពីឯនាយសមុទ្រ និងបំផុសកំហឹង ដុតកម្តៅ ញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហានងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ប្រឆាំងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ពិសេសប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនាប្រទេសជាតិដែលបាននាំគ្នាចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។

យោងអំពើប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរដដែលៗរបស់មេចលនាឧទ្ទាម និងបក្ខពួកដែលជាក្រុមអ្នកនយោបាយប៉ែលប៉ោលក្បាលមិនទល់មេឃ ជើងមិនជាប់ដីនេះ បាននិងកំពុងយកជោគវាសនាខ្លួនពឹងលើបរទេស ដោយសុខចិត្តលក់អធិបតេយ្យជាតិឱ្យបរទេស ផ្តល់ឱកាសឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយទាំងអស់នេះសុទ្ធសឹងជាទង្វើដែលបាននិងកំពុងដើរជាន់ដានប្រវត្តិសាស្រ្ត និងទាញទម្លាក់ប្រទេសឱ្យធ្លាក់ចូលក្នុងគ្រោះមហន្តរាយដូចក្នុងទស្សវត្សឆ្នាំ១៩៧០យ៉ាងប្រាកដ។

ដោយធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្រ្តមហន្តរាយ និងដ៏ជូរចត់ក្នុងអតីតកាល រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឱ្យដឹងជាច្រើនលើកថា លោកនឹងមិនលក់ឯករាជ្យ និងអធិបតេយ្យជាតិដើម្បីបានជំនួយបន្តិចបន្តួចនោះទេ ក៏ប៉ុន្តែ អ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា គឺសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិប្រកបដោយវិបុលភាព ថ្កុំថ្កើងរុងរឿងជាមួយនឹងកិត្តិយស ស្មើសិទ្ធិនិងស្មើភាព ក្នុងឯករាជ្យ និងអធិបតេយ្យ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋមួយយ៉ាងរឹងមាំ ក្នុងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មមួយប្រកបដោយសន្តិភាព និងស្ថិរភាពនយោបាយផងដែរ។

ជារួម អំពើប្រព្រឹត្តជាប្រព័ន្ធនៃចលនាឧទ្ទាមក្រៅច្បាប់ នឹងនាំមកនូវមហាគ្រោះថ្នាក់ជាតិ និងប្រជាជនកម្ពុជា ប្រសិនបើគ្មានការអនុវត្តនូវវិធានការផ្លូវច្បាប់ឱ្យបានហ្មត់ចត់ទេ។ ហើយការចេញដីកាបង្គាប់ឱ្យចាប់ខ្លួននៅពេលនេះ គឺជាការអនុវត្តនូវវិធានការច្បាប់យ៉ាងត្រឹមត្រូវបំផុត និង ទាន់ពេលវេលាប្រឆាំងនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងក៏ដូចជាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ វាគ្មានអ្វីចម្លែកនោះទេ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ រាល់សកម្មភាព និងការអនុវត្តរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវស្ថិតនៅក្រោមការកំណត់របស់ច្បាប់ ដូច្នេះ នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះ ដើម្បីធានាថា គ្រប់គ្នា គឺត្រូវស្មើគ្នាចំពោះមុខច្បាប់។ អំពើក្បត់ជាតិរបស់ពួកឧទ្ទាមនេះ ត្រូវតែផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត ព្រោះពួកគេ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាពដែលរកបានដោយកម្រ និងបំផ្លិចបំផ្លាញសមិទ្ធផលសង្គមជាតិនិងប្រជាជនទាំងមូល ៕

ដោយ៖ ឡុង បូរិតា