ខ្មែរប៉ុស្ដិ៍ Close

បទអធិប្បាយខ្លី៖ នាវាពិតជាលាផែ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
បទអធិប្បាយខ្លី៖ នាវាពិតជាលាផែ បទអធិប្បាយខ្លី៖ នាវាពិតជាលាផែ

ក្នុងបទសម្ភាសន៍មួយជាមួយនឹងវិទ្យអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ មេចលនាឧទ្ទាមក្រៅច្បាប់នៅឯក្រៅប្រទេសបានថ្លែងសារជាថ្មីម្តងហើយម្តងទៀត ភូតកុហកត្រឡប់ត្រឡិន បាយបិនណ្ឌទៅជាបាយបាត ត្រង់យកការពិតមិនបានថា លោកនឹងវិលចូលស្រុកវិញនៅពេលពលរដ្ឋគ្រប់មជ្ឈដ្ឋានងើបបះបោរប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដោយមានការគាំទ្រពីសំណាក់អន្តរជាតិ ជាលទ្ធផលនៃការដក EBA ឬ GSP។ តើនេះពិតជាអំពើបោកប្រាស់ស្រស់ៗម្តងហើយម្តងទៀតឬទេ? តើមានអ្នកណាជឿលើមេឧទ្ទាមក្រៅច្បាប់កំពុងធ្លាក់ទឹកដែរឬទេ? តើអ្នកណាសង្រ្គោះអ្នកណាពេលនេះ? តើមនុស្សរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍសុខចិត្តយកជីវិតលេងសើចទៅជាប់គុកឬទេ?

ជាការពិតមិនអាចប្រកែកបាន គឺមេចលនាឧទ្ទាមក្រៅច្បាប់បាន និងកំពុងមានអាយុកាន់តែចាស់ជ្រាលជ្រេនឹងមិនប្រថុយត្រឡប់មកចូលគុកបានឡើយ ហើយការសង្ឃឹម គឺកំពុងកាន់តែលែងមានសង្ឃឹម ពលរដ្ឋភាគច្រើនលើសលុបក៏មិនដែលសង្ឃឹម ហើយក៏មិនប្រថុយទាញស្រុកឱ្យធ្លាក់ចូលក្នុងមហាគ្រោះភ័យ អស្ថេរភាព អសន្តិសុខ ដែលបំផ្លាញការអភិវឌ្ឍ ការរីកចម្រើននៃប្រទេស និងជីវភាពរបស់គ្រួសារម្នាក់ៗបានឡើយ។ ពីព្រោះនេះជាយុគ្គសម័យមាស នៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលខ្មែរត្រូវជ្រោងទង់សន្តិភាព ដើម្បីវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿងឡើងវិញនៃជាតិមាតុភូមិដ៏កំសត់មួយនេះ។

សុំទោសទៅចុះ ប្រជាជនកម្ពុជាទាំងមូល បានរួមសាមគ្គីជាកម្លាំងដ៏រឹងមាំក្រោមទង់សន្តិភាព បន្តជ្រោងទង់សន្តិភាព ដើម្បីការអភិវឌ្ឍ ជាជាងជ្រើសរើសផ្លូវខុស ដែលនឹងនាំមកនូវគ្រោះមហន្តរាយដល់ជាតិសាសន៍ខ្មែរទាំងមូលសារឡើងវិញ និងធ្លាក់ចូលទៅក្នុងជម្លោះនៃផលប្រយោជន៍ខាងភូមិសាស្រ្តនយោបាយនៃបរទេសណាមួយឡើយ។

ដូច្នេះ ប្រជាជនកម្ពុជាទាំងមូលមិនអាចប្រព្រឹត្តអំពើឆ្គួតលីលា ងើបបះបោរដែលជាទង្វើរដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញផ្ទុយនឹងគោលការលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួនបានឡើយ។ ប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ដូច្នេះ សម្រាប់សារនយោបាយបោកប្រាស់ និយាយត្រឡប់ត្រឡិនរបស់មេឧទ្ទាមក្រៅច្បាប់ គឺជាសញ្ញាប្រាប់ថា នាវាលាផែ គឺលាមិនចូលគុក គួបផ្សំនឹងអាយុកាន់តែចាស់ ជាមួយនឹងទឹកចិត្តមហាជននឹងដើរតាមផ្លូវដ៏មហាគ្រោះថ្នាក់របស់មេឧទ្ទាមក្រៅច្បាប់បានឡើយ៕

ដោយ៖ ឡុង បូរិតា