នាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ព្រឹត្តិការណ៍សំខាន់ចំនួន ៣ កើតឡើងនៅថ្ងៃទី០៣ មីនា ម្សិលមិញ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា “ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩” ជាថ្ងៃដែលមានរឿងជួនគ្នាជាច្រើន ដូចជាការចាប់ផ្តើមជំរឿនទូទៅប្រជាជន ថ្ងៃប្រារព្វទិវាវប្បធម៌ជាតិ និងរឿងពាក់ព័ន្ធនឹងបទចម្រៀង “ទទាយំឆ្លង ត្រយងបងហើយអត់ឆ្លើយ”។
ថ្លែងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ដោយការធ្វើជំរឿនប្រជាជនមានសារៈសំខាន់ក្នុងការទទួលព័ត៌មានពីចំនួនប្រជាជនដែលមានកំណើនឡើង និងចំនួនប្រជាជនដែលទទួលមរណៈភាព បូករួមនឹងការទទួលព័ត៌មានអំពីទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយដែលការជំរឿននេះមិនពាក់ព័ន្ធនឹងនរយោបាយឡើយ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួម និងសហការក្នុងកិច្ចការជំរឿននេះ៕