ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «តើកប៉ាល់អ្នកណាដែលធ្លុះធ្លាយនឹងលិចលង់?»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
លិខិតមិត្តអ្នកអាន៖  «តើកប៉ាល់អ្នកណាដែលធ្លុះធ្លាយនឹងលិចលង់?» លិខិតមិត្តអ្នកអាន៖ «តើកប៉ាល់អ្នកណាដែលធ្លុះធ្លាយនឹងលិចលង់?»

ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងបង្ហោះរូបភាពជួបជុំគ្នា ជូនពរគ្នាដោយក្តីអំណររីករាយ យ៉ាងព្រោងព្រាត ពេញបណ្តាញសង្គមនៅថ្ងៃទិវាក្តីស្រឡាញ់ ១៤កុម្ភៈដែលមើលទៅ គួរឲ្យសប្បាយ រីករាយ និងមានក្តីសុខសុភមង្គល យ៉ាងក្រៃលែង ចម្លែកអីតែពពួកមនុស្សដែលមានសន្តានតិច្ឆានោ ដូចទណ្ឌិតសម រង្ស៊ី បែរជានៅខំឃោសនាអកុសលស ភូតកុហក បោកប្រាស់ ប្រជាភិថុតឥតឈប់ឈរដោយមួលបង្កាច់ ទាំងស្រុងសភាពការពិតនៅកម្ពុជា។

អ្វីដែលគួរឲ្យអស់សំណើចគឺ សម រង្ស៊ី បានប្រៀបធៀបរដ្ឋាភិបាលកម្ពុជាទៅនឹងកប៉ាល់ធ្លុះធ្លាយ ខណៈដែលសំពៅរបស់គាត់វិញបានលិចក្នុងសមុទ្រទឹកបាត់ទៅហើយ រីឯការប៉ុនប៉ង បង្កើតចលនាសង្គ្រោះជាតិដែល សម រង្ស៊ី ហៅថាជាសំប៉ានយកទៅជួយសំពៅ «សង្គ្រោះជាតិ» ដែលកំពុងលិចទឹកកណ្តាលសមុទ្រនោះក៏ត្រូវខ្យល់បោកបក់លិចលង់អស់ហើយដែរ។ ចំណែកឯសំពៅដែល សម រង្ស៊ី កំពុងបើកបរក្រោយពីច្រានលោក កឹម សុខា ទម្លាក់ទឹកដើម្បីដណ្តើមចង្កូតមកកាន់នោះ គឺជា សំពៅក្រដាសដែលគាត់ឧបកិច្ចឬហៅថាក្រដាសសែនខ្មោចតែប៉ុណ្ណោះ ពីព្រោះសំពៅពិតបានលិចបាត់ទៅហើយ។ សំពៅឧបកិច្ចនេះទៀតសោតអាចដឹកមនុស្សបានតែមួយដំបរស្វាដែលជាអ្នកហែហម ហៃអើ តែប៉ុណ្ណោះ ចំណែកអតីតយុទ្ធមិត្តមកពីភាគី កឹម សុខា បានលោតចោលសំពៅនេះអស់ទៅហើយ។

ងាកមកមើលកប៉ាល់របស់រដ្ឋាភិបាលដែលកំពុងកាច់ចង្កូតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាននិងកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំជាមួយកំណើនសេដ្ឋកិច្ចថេរ ៧% ហើយដែលឆ្នាំ២០១៨កន្លងទៅនេះបានកើនឡើងរហូត ៧.៥%

បច្ចុប្បន្ននេះ នាវាកម្ពុជាបានបោះពួយចេញពីប្រទេសក្រីក្រទៅទទួលឋានៈជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតទាបទៅហើយ។ នាវានេះកំពុងបោះពួយទៅមុខទៅរកគោលដៅនៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហើយខ្ញុំជឿថានេះគឺជានាវាដែលពិតជានាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងផ្ទុកពេញដោយស្បៀងយ៉ាងសម្បូរបែបសម្រាប់ផ្គត់ផ្គង់ពលរដ្ឋដោយមិនព្រួយបារម្ភពីខ្យល់ព្យុះតូចតាចដែលកើតចេញពីចំហាយនៃការព្យូរ រឺមិនព្យូរ EBA របស់សហភាពអឺរ៉ុបនោះឡើយ។

សម រង្ស៊ី អះអាងដោយភូតភរថា ក្រុមអ្នកវិនិយោគទុននៅកម្ពុជាផ្តើមដកការវិនិយោគពីកម្ពុជាជាបណ្តើរៗហើយនៅមុនការដក EBA របស់សហភាពអឺរ៉ុប ខណៈដែលក្រុមហ៊ុនវិនិយោគទាំងឡាយកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយតុបតែង សម្អិតសម្អាង ពណ៌ក្រហមច្រាលចាប់តាំងពីពេលចូលឆ្នាំចិនមករហូតដល់ឥឡូវ។

សម រង្ស៊ី ដែលគេស្គាល់ថាជាមេភូតបានអះអាងទៀតថា សហភាពអឺរ៉ុបផ្តើមដាក់ទណ្ឌកម្មមកលើកម្ពុជាហើយតាមរយៈការដក EBA ពីកម្ពុជា ខណៈដែលដំណើរការនីតិវិធីនេះត្រូវការរយៈពេលដល់ទៅ ១៨ខែ ទើបសេចក្តីសម្រេចចុងក្រោយចូលជាធរមាន ឥឡូវនេះមិនទាន់ដឹងថាតើសេចក្តីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបដកឬមិនដកផងទេនោះ។

ជាការពិត នរណាក៏បានស្គាល់ក្រយ៉ៅ សម រង្ស៊ី ដែរថាជាអ្នកនយោបាយ «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត» ។ ដូច្នេះ វិធីសាស្ត្រធ្វើនយោបាយរបស់បុរសសម្តីស្រីម្នាក់នេះគឺគ្មានអ្វីក្រៅតែពីការភូតភរ បំភាន បំភ្លៃ និងការបង្ខូចបង្កាច់អ្នកដទៃតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយនោះឡើយ។ វិធីបែបនេះត្រូវបាន សម រង្ស៊ី ប្រើជាង ២០ឆ្នាំមកហើយ តែទីបំផុតគណបក្សរបស់គាត់បានរលាយជាបន្តបន្ទាប់រហូតវិនាសអន្តរាយរកដីជ្រកមិនបាន។

 

ទោះយ៉ាងណា សម រង្ស៊ី នៅតែបន្តយុទ្ធសាស្ត្រភូតភរនេះដើម្បីបោកប្រាស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ហើយម្រមូលលុយដាក់ហោប៉ៅសម្រាប់ចិញ្ចឹមជីវិតនយោបាយឥតន័យរបស់ខ្លួនជាបន្ត។ បច្ចុប្បន្ននេះ សម រង្ស៊ី កំពុងបន្តប្រមូលលុយពីពលរដ្ឋខ្មែរនៅឯនាយសមុទ្រ បន្តទៀតហើយក្រោមហេតុផល ដដែលៗថាដើម្បីស្តាប្រជាធិបតេយ្យស្រុកខ្មែរ។ តាមពិតលុយទាំងនោះត្រូវបានសម រង្ស៊ី យកទៅចាយវាយ ទិញសំបុត្រយន្តហោះដើរទេសចរណ៍គ្រប់ទិសទី និងបំប៉នក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រមូលលុយរាប់លានដុល្លារដើម្បីបើកទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែ ឥឡូវគេមិនបានឃើញស្រមោលទូរទស្សន៍ព្រះអាទិត្យនោះទេ តែលុយបាត់អស់ហើយ។

របៀបធ្វើនយោបាយរបស់ សម រង្ស៊ី មានតែមួយក្បាច់គត់តាំងពីគាត់ចាប់ផ្តើមអាជីពនយោបាយ មកនោះគឺក្បាច់ភូតថ្លុកភូតត្រពាំង ភូតរហូតដល់រលាយទាំងបក្ស អស់ទាំងតំណែង ហើយផ្ទែក្នុងក៏បែកបាក់ខ្ចាត់ខ្ចាយ។ នេះហើយគេហៅថា ភូតច្រើន ច្រើនចាញ់អាត្មា។ ឥឡូវនេះ ក្បួនភូតដែលមានចំណាស់ជាង ២០ឆ្នាំ ត្រូវបានសម រង្ស៊ី គាស់យកមកប្រើជាបន្តទៀត។ ដូចករណីដែលគាត់ និយាយពី EBA និងពីកប៉ាល់ធ្លុះធ្លាយនេះជាដើម គឺជាក្បួនភូតហួសសម័យ ដែលខុសស្រឡះពីការពិត ហើយដែលគ្មានអ្នកណាជឿទៀតឡើយលើកលែងតែអ្នកមិនដែលមកលេងស្រុកខ្មែរសោះអាចភ្លាត់ជឿសម្តីសម រង្ស៊ី ។ ប៉ុន្តែសម្រាប់អ្នកស្គាល់កម្ពុជាច្បាស់ ពិសេសពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាសព្វថ្ងៃ សម្តី សម រង្ស៊ី ជាចម្រៀងឥតន័យឬជាសម្តីឥតគ្រាប់។

មកដល់រដូវជិតបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ពលរដ្ឋខ្មែរកំពុងសួរគ្នាថា តើចូលឆ្នាំថ្មីខាងមុខនេះគួរទៅលេងនៅទីណា? អ្នកខ្លះទៀតបានកក់សំបុត្រយន្តហោះទៅក្រៅប្រទេសរួចហើយដើម្បីធ្វើទេសចរណ៍ ខណៈដែលអ្នកខ្លះទៀតបានត្រៀមលក្ខណៈដើម្បីចេញទៅតាមទីរមណីយដ្ឋាននានានៅក្នុងស្រុកដើម្បីជួបជុំគ្រួសារ កម្សាន្តសប្បាយ គឺគ្មានអ្នកណាខ្វល់ខ្វាយពីការឃោសនាឥតប្រយោជន៍របស់ សម រង្ស៊ី ឡើយ។

ខ្ញុំក៏ចង់ផ្តាំទៅ សម រង្ស៊ី ឲ្យគិតគូរពីការធ្វើអំពើល្អសម្រាប់ប្រទេសជាតិខ្លះផង ក្រែងជាតិក្រោយមានបុណ្យសំណាងកើតជាមនុស្សម្នានឹងគេ ពីព្រោះតាមអ្វីដែល សម រង្ស៊ី កំពុងធ្វើសព្វថ្ងៃនេះ គឺត្រូវចាប់កំណើតជាប្រេតតិរច្ឆានមិនខានឡើយដោយសារតែអំពើក្បត់ប្រយោជន៍ជាតិនិងប្រជាជនខ្លួនឯង។ ម៉្យាងវីញទៀត ខ្ញុំក៏សូមផ្តាំទៅ សម រង្ស៊ី ថា ឲ្យឈប់ភូតទៀតទៅពីព្រោះកប៉ាល់ដែលពលរដ្ឋខ្មែរកំពុងជិះសព្វថ្ងៃនេះគឺជាកប៉ាល់សុខ កប៉ាល់សន្តិភាព និងនាំលាភសំណាង ផ្ទុយទៅវិញ សំពៅសំណែនខ្មោចដែល សម រង្ស៊ី កំពុងជិះទៅវិញទេដែលកំពុងលិចលង់នោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ