ពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តបាត់ដំបង មានមនុស្សចូលរួមប្រមាណជាង ៥,០០០នាក់
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) ក្រោមអធិបតីភាពលោក ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង តំណាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង នៅបរិវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងយោធភូមិភាគទី៥ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន បានអញ្ជើញចូលរួម សរុបប្រមាណជាង ៥,០០០នាក់ ។
នៅក្នុងពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ នេះ ខេត្តបាត់ដំបងក៏មានការរៀបចំដើរដង្ហែក្បួនរថយន្ត និងក្បួនព្យុហយាត្រា ដែលមានចំនួន ១០ ផែន ដើម្បីចួលរួមរំលឹកឡើងវិញ ការចង់ចាំនៃស្មារតី៧មករា ដែលជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារទុកក្នុងចិត្តរួមមាន៖
ផែនទី១ ៖ ក្បួនរថយន្តសមិទ្ធផល ៤០ឆ្នាំក្រោមម្លប់សន្តិភាព របស់ខេត្តបាត់ដំបង
ផែនទី២៖ បញ្ជាការដ្ឋានយោធភូមិភាគទី៥
ផែនទី៣៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
ផែនទី៤៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
ផែនទី៥៖ ស្នងការដ្ឋាននគរបាលខេត្ត
ផែនទី៦៖ បញ្ជាការដ្ឋានកងឯកភាពកំចាត់មីនខេត្ត (CMAC)
ផែនទី៧៖ មន្រ្តីរាជការសុីវិលខេត្តបាត់ដំបង
ផែនទី៨៖ កាយរឹទ្ធិកម្ពុជាខេត្តបាត់ដំបង
ផែនទី៩៖ យុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ផែនទី១០៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង
ស្ថិតក្នុងឱកាសនោះ លោក ច័ន្ទ សុផល បានអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ លើកបង្ហាញពីការតស៊ូពលីកម្មសព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានលើកបញ្ជាក់អោយឃើញពីវឌ្ឍនភាពជាតិក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព៕