ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារជំនាញ ចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារជួសជុលជើងទេរនៃសំណង់ទ្វារទឹកតាហែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1493

បាត់ដំបង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ លោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ (ជំពូក២១) ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែន មានទីតាំងស្ថិតក្នុងឃុំបវេល និងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

សំណង់ទ្វារទឹកតាហែន បានសាងសង់ឡើងក្នុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ។ សំណង់ទ្វារទឹកតាហែន បានសាងសង់កាត់ស្ទឹងបវេល និងមានតួនាទីទទួលយកទឹកពីស្ទឹង បវេល ដើម្បីនាំទឹកចូលទៅអាងទឹកកំពីងពួយ តាមរយៈប្រឡាយមេអូរដូនពៅ សម្រាប់ធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានលទ្ធភាពនាំទឹកមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល ស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ផលប្រយោជន៍ដែលទទួលបានពីការជួសជុលជើងទេរផ្នែកខាងមុខនិងខាងក្រោយសំណង់ទ្វារទឹកតាហែនគឺមានតួនាទីសំខាន់ណាស់ ព្រោះជើងទេរ សំណង់ទ្វារទឹកតាហែន អាចជួយពង្រឹងតួសំណង់ទ្វារទឹកតាហែន ឱ្យបានរឹងមាំ ការពារការហូរច្រោះដីតាមជើង ទេរសំណង់ ដោះទឹកជំនន់ភ្លៀង និងជាផ្លូវទឹកមួយយ៉ាងសំខាន់នៅក្នុងមូលដ្ឋានដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ចំនួន១៣ភូមិ ក្នុងឃុំបវេល និងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទទួលបានប្រភពទឹកមកធ្វើការស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សាស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងប្រើ ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង៕

អត្ថបទទាក់ទង