ខ្មែរប៉ុស្ដិ៍ Close

ជនពិការថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
ជនពិការថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ ជនពិការថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ

ក្រុមជនពិការ បានលើកឡើងថា ពួកគេសប្បាយចិត្តនៅពេលទទួលបានការងាររដ្ឋ បើទោះបីជាសមត្ថភាពរបស់ពួកអាចធ្វើការងារបានតែត្រឹមផ្នែកមួយក៏ដោយ។

លោក ឡាយ សុខគា ជនពិការមួយរូបដែលទទួលបានតួនាទីជាជំនួយការនាយកប្រតិបត្តិនៃ មជ្ឈមណ្ឌល​រស់នៅ​ដោយ​ឯករាជ្យ នៃជនពិការភ្នំពេញ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងសង្គមកិច្ច អតិត​យុទ្ធជន និងយុវនីតិសម្បទា​ និង​អង្គការ​​ផ្សេងៗ​ តែងតែ​បាន​ជួយ​ដល់​ជនពិការទាំងការចូលរួមការបណ្តុះ​បណ្តាល និងការលើក​ទឹក​ចិត្ត ដើម្បីឲ្យមាន​លទ្ធភាព​ក្នុងការ​សម្រេ​ច​ចិត្ត និង​​ទទួល​ខុសត្រូវក្នុងជីវិត ​ក្នុងនោះ​​ឲ្យមាន​ភាព​ក្លាហាន​​ចូលរួម​ក្នុង​វិស័យ​​ការងារបាន​ច្រើន​ដូច​ជា​ការប្រកប​មុខ​របរ​​កាត់ដេរ អ៊ុតសក់ជាដើម ដែលទាំងនេះ​ជា​មុខរបរ​សុច្ចរិត​ទៀងត្រង់​ និងងាយស្រួលសមស្របសម្រាប់ពួកគាត់ផងដែរ។

ថ្លែងក្នុងកម្មវិធីតុមូលវិទ្យុជាតិកម្ពុជា លោកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនពិការជាច្រើនទទួលបានការងារធ្វើទៅ​តាមសមត្ថភាព និង​លទ្ធភាពរៀង​ៗខ្លួ​ន។
ចំណែក យុវតី ហង្ស ដានី ជនពិការស្វិតដៃជើងពីកំណើត និងជា​និស្សិត​ឆ្នាំទី​៣ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លើកឡើងថា ជនពិការអាចតស៊ូ​នឹង​ការងារ បើទោះជាមិនមានកាយសម្បទាណាមួយគ្រប់គ្រាន់ដូចមនុស្សធម្មតាក៏ដោយ។ តំណាងជនពិការរូបនេះ បានសំណូមពរ​កុំឱ្យមាន​ការ​​រើសអើង​ ចំពោះជន​ពិការ​ក្នុងឱកាសផ្តល់ការងារតាមសមត្ថភាពដែលពួកគេអាចធ្វើបាន។

តបនឹងសំណើនេះ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខភមាលភាពជនពិការ នៃក្រសួងសងញកមកិច្ច អតិត​យុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែ​យក​ចិត្ត​ទុកដាក់​ និងផ្តល់ឱកាសការងារជាច្រើនដល់ជនពិកា​រ ជាក់ស្តែងចាប់តាំងពី​ឆ្នាំ​២០១១ មកដល់​ឆ្នាំ២០១៨ មានជនពិការ​ចំនួន២៨៣៩នាក់ ក្នុងនោះ​ស្រ្តី៧៣០នាក់ ​​កំពុង​​​បម្រើការងារ​ក្នុង​ក្រសួងស្ថាប័ន​រដ្ឋ​ចំនួន​៤០។ ដោយឡែក​វិស័យ​ឯកជន​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ រោង​ចក្រ​មួយចំនួន មាន​ជនពិការកំពុង​បម្រើ​ការងារចំនួន៣០៥៥នាក់។ លោកលើកឡើងថា ជនពិការខ្លះ ត្រូវបានផ្តល់ការងារដោយមិនចាំបាច់ទាមទារ​ជំនាញ ឬសមត្ថ​ភាព​​នោះឡើយ ប៉ុន្តែការងារខ្លះ​ត្រូវ​ការ​បណ្តុះបណ្តាលរយៈពេលខ្លី និងពេលចូលបម្រើការងារផ្ទាល់តែម្តង ដូច​ជា​សេវា​អនាម័យ ការងារ​ក្នុងភោជនីយដ្ឋាន និងមានការងារជាច្រើនទៀតដែលជនពិការអាចធ្វើបាន។

លោក ស្លូត វណ្ណដា មន្រ្តីសម្របសម្រួលគម្រោងនៃអង្គការជនពិការកម្ពុជា បានគាំទ្រចំពោះជន​ពិការមួយចំនួន ដែលទទួលឱកាសទទួលបានការងារ ដោយលោកលើកឡើងថា សព្វថ្ងៃមាន​ជនពិការ​​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​រដ្ឋ​ច្រើន​ជាង​ស្ថាប័ន​ផ្សេងៗ ដែល​នេះ​ជា​ការយកចិត្ត​ទុក​ដាក់​​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការលើកកម្ពស់​ជនពិការ​ឲ្យ​មាន​ការងារធ្វើ តាមរយៈការ​ផ្តល់​ឱកាស ចំណេះដឹង និង​ជំនាញបច្ចេកទេស​ផ្សេងៗ​ផងដែរ​។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងនីមួយៗ​ត្រូវជ្រើស​មន្រ្តី​ជាជនពិការឲ្យបានចំនួន២ភាគរយ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិជនពិការ ពិសេសធានាឲ្យពួកគេ​ទទួល​បាននូវ​អត្ថប្រយោជន៍ និង ចៀសផុតពីការរើសអើង។

បើតាមការឲ្យដឹងពីមន្ត្រីនាយកដ្ឋានសុខភមាលភាពជនពិការ បានបញ្ជាក់ថា ក្រសួងការងារមាន​កម្មវិធីផ្គូរ​ផ្គង​ការងារ និង​ហ្វឹក​ហ្វឺន​ការងារបន្ថែម សម្រាប់ជនពិការ ដែលមានបំណងទៅបម្រើការងារនៅតាមរោងចក្រសហគ្រាសវិស័យឯកជន ហើយប្រសិនបើជនពិការដែលចង់ទទួល​បានការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ ឬប្រកបកិច្ចការងារណាមួយអាចទាក់ទងទៅក្រសួង និងមន្ទីរ​សង្គម​កិច្ចរាជធានីខេត្ត ឬក៏អាចទាក់ទងទៅកាន់ដៃគូអភិឌ្ឍន៍ដែលនៅខេត្តរបស់ខ្លួនរស់នៅក៏បានដែរ៕