ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពន្យល់ពីមូលហេតុដែលនាំឲ្យមេដឹកនាំខ្មែរក្រហមទៅជួប និងចុះចូលដោយផ្ទាល់នៅផ្ទះរបស់លោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពន្យល់ពីមូលហេតុដែលនាំឲ្យមេដឹកនាំខ្មែរក្រហមទៅជួប និងចុះចូលដោយផ្ទាល់នៅផ្ទះរបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពន្យល់ពីមូលហេតុដែលនាំឲ្យមេដឹកនាំខ្មែរក្រហមទៅជួប និងចុះចូលដោយផ្ទាល់នៅផ្ទះរបស់លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពន្យល់ពីមូលហេតុដែលនាំយកមេដឹកនាំខ្មែរក្រហមទៅជួបនិងចុះចូលដោយផ្ទាល់នៅផ្ទះរបស់លោកដោយបានបញ្ជាក់ថា ការជួបនេះ គឺចង់ផ្ញើសារចំនួន៣ ទៅកងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិឱ្យបានដឹងពីស្ថានភាពរបស់កម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សារទាំងបីដែលលោកចង់ផ្ញើទៅកាន់កងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិនោះគឺ៖
សារទី១- ផ្ញើសារជូនកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ឱ្យបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំចុះចូលហើយ
សារទី២- ជូនប្រជាពលរដ្ឋខ្មែរថា សង្គ្រាមបានបិទបញ្ចប់ទាំងស្រុងហើយ ព្រោះប្រជាជនរង់ចាំនូវការបិទបញ្ចប់ភ្លើងសង្គ្រាម
សារទី៣- គឺជាសារជូនទៅសហគមន៍អន្តរជាតិ សូមអញ្ជើញមកវិនិយោគ ឬធ្វើទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរអំពីមូលហេតុដែលជ្រើសយកថ្ងៃទី២៩ ខែធ្នូ ធ្វើជាថ្ងៃអបអរខួបនយោបាយឈ្នះឈ្នះ គឺដោយសារថ្ងៃនោះ នាយករដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម បានមកចុះចូលដល់ផ្ទះរបស់លោកដែលលើនៅពិភពលោកនេះមិនទាន់មាននៅឡើយទេ៕