ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា DIFID មិនមែនជានយោបាយទេ តែជាយុទ្ធសាស្ត្រក្នុងការបំបែកកម្លាំងខ្មែរក្រហមបិទបញ្ចប់ភ្លើងសង្គ្រាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 75
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា DIFID មិនមែនជានយោបាយទេ តែជាយុទ្ធសាស្ត្រក្នុងការបំបែកកម្លាំងខ្មែរក្រហមបិទបញ្ចប់ភ្លើងសង្គ្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា DIFID មិនមែនជានយោបាយទេ តែជាយុទ្ធសាស្ត្រក្នុងការបំបែកកម្លាំងខ្មែរក្រហមបិទបញ្ចប់ភ្លើងសង្គ្រាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា DIFID មិនមែនជានយោបាយទេ តែជាយុទ្ធសាស្ត្រក្នុងការបំបែកកម្លាំងខ្មែរក្រហម។ លោកនាយករដ្ឋមន្ត្រី តែងតែសិក្សាស្វែងយល់ពីទឹកចិត្តរបស់កងកម្លាំងខ្មែរក្រហម។ ការថ្លែងបែបនេះធ្វើឡើង ក្នងឱកាសសម្ភោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៨នេះ។
ដើម្បីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូរណ៍ និងបញ្ចាប់សង្រ្គាមស៊ីវិលដ៏រាំងរ៉ៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់យុទ្ធសាស្រ្តគ្រប់បែបយ៉ាងដើម្បីទាញពួកខ្មែរក្រហមចេញពីព្រៃ ហើយឲ្យចូលតុចចារបញ្ចប់សង្គ្រាមដើម្បីពលរដ្ឋខ្មែរទាំងអស់គ្នា។

ជាលទ្ធផលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរកឃើញយុទ្ធសាស្រ្តដ៏ស័ក្តិសិទ្ឋិមួយ ដែលមានឈ្មោះថា យុទ្ឋសាស្រ្ត ឌីហ្វីដ។ យុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) នេះ មានន័យថា ការបំបែក (Divide) ធ្វើឲ្យឯកា (Isolate) បញ្ចាប់ (Finsh) សមាហរកម្ម (Integrate) និង អភិវឌ្ឍន៍ (Develop) ដែលត្រូវអនុវត្តន៍ជាដំណាក់កាលរួមមាន៖ ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩៣ គឺអនុវត្តយុទ្ធសាស្ត្របំបែក និងយុទ្ធសាស្ត្រធ្វើឲ្យឯកោ ហើយពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ អនុវត្តយុទ្ធសាស្ត្របញ្ចប់ និងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩ ចាប់ផ្តើមអនុវត្តនូវយុទ្ធសាស្ត្រសមារណកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យុទ្ធសាស្រ្តឈ្នះឈ្នះ គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។

ក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គ្មាននរណាគេចុះចូលជាមួយរាជរដ្ឋាភិបាលនោះឡើយ បើសិនជាគ្មានការធានាដល់អាយុជីវិត និងការរស់រៀនរបស់កម្លាំងខ្មែរក្រហមដែលចុះចូលទេនោះ។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអ្នកជំនាន់ក្រោយចងចាំឲ្យបាននូវចំណុចមួយនេះ។ ការធានាដល់មុខរបរ និងតួនាទីសម្រាប់កងទ័ពខ្មែរក្រហម គឺជាការផ្តល់ជំនឿចិត្តមួយទៀតសម្រាប់ការចុះចូលរបស់កងកម្លាំងខ្មែរក្រហម។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំណុចទី៣ ដែលផ្តល់ទំនុកចិត្តសម្រាប់កងកម្លាំងខ្មែរក្រហម គឺការរក្សានូវកម្មសិទ្ធិលើចលនទ្រព្យ និងអចលនទ្រព្យ។ ការអនុវត្តន៍នយោបាយឈ្នះឈ្នះបានចាប់ផ្តើមពីដើមឆ្នាំ១៩៩៦ រហូតដល់២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយចាប់ផ្តើមពីតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីកងទ័ពខ្មែរក្រហមនៅស្រុកអន្លង់វែង ត្រូវចុះចូលនៅខែមេសា ឆ្នាំ១៩៩៨ ក៏ដោយនោះ តែសង្គ្រាមមិនបានបិទបញ្ចប់នោះទេ ព្រោះមេដឹកនាំខ្មែរក្រហមមួយចំនួនមិនបានចុះចូលនោះទេ ត្រូវរង់ចាំរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានពន្យល់ពីមូលហេតុដែលនាំយកមេដឹកនាំខ្មែរក្រហមទៅជួបដោយផ្ទាល់នៅផ្ទះរបស់លោកផងដែរ។ ការជួបនេះ គឺចង់ផ្ញើសារចំនួន៣ ទៅកងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិ។ ផ្ញើសារជូនកងកម្លាំងខ្មែរក្រហម ឲ្យបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំចុះចូលហើយ, សារទី២ ជូនប្រជាពលរដ្ឋខ្មែរថា សង្គ្រាមបានបិទបញ្ចប់ទាំងស្រុងហើយ ព្រោះប្រជាជនរង់ចាំនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងសារទី៣ គឺជាសារជូនទៅសហគមន៍អន្តរជាតិ ឲ្យមកវិនិយោគ ឬធ្វើទេសចរណ៍ ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ចំណុចពិសេសនៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ គឺរយៈពេលពីឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ មិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ តែធ្វើដោយការជឿទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ដោយគ្មានការបង្គាប់បញ្ជាពីបរទេស។ ព្រោះតែការជឿទុកចិត្តគ្នានេះហើយ ទើបធ្វើសុខសន្តិភាពនេះ មានការរឹងមាំ និងយូរអង្វែងមកដល់ពេលបច្ចុប្បន្ននេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សារដែលលោក បានថ្លែងទៅកាន់កងកម្លាំងខ្មែរក្រហមពេលលោក ចូលទៅកាន់តំបន់កាន់កាប់របស់ខ្មែរក្រហមនោះថា ការដែលខ្មែរក្រហមចុះចូលមិនមែនជាការចុះចាញ់នោះទេ តែជាកាតព្វកិច្ចរបស់ខ្មែរជំនាន់ក្រោយក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម ដែលអ្នកជំនាន់មុនបានបន្សល់ទុក។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជំនឿទុកចិត្តជាចំណុចពិសេសធ្វើឲ្យកម្ពុជាមានកងកម្លាំងរហូតដល់ទៅ៤ ក្លាយទៅជាកងកម្លាំងតែមួយនាពេលបច្ចុប្បន្ន៕