លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៦០០នាក់ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលដ៏ធំធេងដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងរយៈពេល៤០ឆ្នាំ មកនេះ គឺជាជ័យជំនះរបស់យើងទាំងអស់គា្ន។ ជ័យជំនះនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំ ណែករបស់បងប្អូននារី ទាំង អស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញញការងារប្រកបដោយការទទួលខុសត្រូវ ថែម ទាំងបានចំណាយធនធានផ្ទាល់ខ្លួនថែមទៀត ដើម្បីបុព្វហេតុប្រទេសជាតិយើង។ រយៈពេល៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនៈភាពផង និងដំណាក់កាលប្រកបដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តីក៏ គណ បក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺ ឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរាដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។
លោកស្រី បានបន្តទៀតថា គណបក្សបានផ្តោតការយកចិត្តទុកដាក់ចំពោះស្ត្រី ហើយបាន និងកំពុងបន្តជំរុញការលើកកម្ពស់ការ ចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ដើម្បីឲ្យការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គម និងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងបរិមាណ និងគុណភាព ហើយឆ្លើយតប ទៅនឹងការយកចិត្តទុកដាក់នេះ ស្ត្រីក៏ត្រូវខិតខំធ្វើយ៉ាងណាចូលរួមសហ ការ ផ្តួចផ្តើមគំនិត និងបំពេញភារកិច្ចដែលបក្សប្រគល់ជូនឲ្យបានជោគជ័យតាមការរំពឹងទុក។
ជាមួយគ្នានោះដែរលោកស្រី ម៉ែន សំអន សង្ឃឹមថាបងប្អូននារីទាំងអស់នឹងនៅបន្តរក្សានិងពង្រីកនូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាពគឺជាកត្តាមូល ដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកប ដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។
លោកស្រីក៏បានផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែលបានមកពីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះជាពិសេស លោកស្រីក៏បានសំណូមពរឲ្យបងប្អូនជានារីទាំងអស់មេត្តាយកចិត្តទុក្ខដាក់បំផុតក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕