ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ១២ ដើម្បីអបអរពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ១២ ដើម្បីអបអរពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ១២ ដើម្បីអបអរពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ

ដោយទទួលបានការទុកចិត្ដពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមខ្លួនហើយជាស្រេច ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ១២ប្រភេទ ដើម្បីអបអរសាទរពិធីសម្ពោធផ្លូវការ វិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធរៀបចំចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ នៅតំបន់អភិវឌ្ឍ លី យ៉ុងផាត់ ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ ពោលគឺមិនចាញ់សកម្មភាពកីឡា ដែលបានរៀបចំអបអរពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង កាលពីពេលថ្មីៗឡើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា សកម្មភាពកីឡាដែលគ្រោងរៀបចំ គឺបែងចែកជា២ រួមមានការប្រកួតកីឡាជំនាញ និងកីឡាមហាជន ដោយទាំងកីឡាអត្តសញ្ញាណជាតិ និងកីឡាទំនើបជាច្រើនចូលរួម ក្នុងនោះកីឡាជំនាញត្រូវរៀបចំលក្ខណៈស្ដង់ដារបំផុត ដើម្បីធ្វើឲ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ-អន្ដរជាតិ ដែលចូលរួមនាឱកាសនោះ។ រីឯកីឡាមហាជន នឹងត្រូវរៀបចំដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬមហាជនចូលរួមប្រកួត ឬសម្ដែងដោយមានគណៈកម្មការរៀបចំត្រឹមត្រូវ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានបន្ដថា «ក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការអន្ដរក្រសួង និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានគណៈកម្មការអន្ដរក្រសួង ទទួលបន្ទុករៀបចំសកម្មភាពជាច្រើន បានជំរុញធ្វើយ៉ាងណាឲ្យសកម្មភាពកីឡាមានលក្ខណៈស្ដង់ដារ និងទាក់ទាញខ្លាំង ដោយយើងត្រៀមកីឡា ១២ប្រភេទសម្រាប់រៀបចំ ពិសេសកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំខ្សែក្រវាត់កម្រិតពិភពលោក គឺការប្រកួតលក្ខណៈស្ដង់ដារ Khmer Fight ឬជា Brand ខ្មែរ ដើម្បីផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិ ហើយក៏មានការចូលរួមពីកីឡាករបរទេសជាច្រើនដែរ»។

លោក វ៉ាត់ ចំរើន បានបន្តថា មួយវិញទៀត កីឡាអុកចត្រង្គ ក៏ត្រូវប្រកួតលក្ខណៈស្ដង់ដារ ដើម្បីស្វែងរកកំពូលអ្នកលេងអុកចត្រង្គប្រចាំប្រទេសកម្ពុជាផងដែរ។ បន្ថែមលើនេះ យើងមានកីឡាគុនល្បុក្កតោ និងកីឡាចំបាប់បុរាណខ្មែរ ដែលអនុញ្ញាតឲ្យមហាជនចូលរួម និងបង្ហាញទិដ្ឋភាពនេះទៅមហាជន ដើម្បីបញ្ជាក់ថា ខ្មែរយើងមានកីឡាអត្តសញ្ញាណពិតប្រាកដ រួមទាំងការប្រណាំងក្របី សេះ និងប្រណាំងរទេះគោជាដើម។ មិនតែប៉ុណ្ណោះ ក៏មានការប្រកួតកីឡាទំនើបមួយចំនួនដែរ រួមមានកីឡារត់កម្សាន្ដ ប្រណាំងកង់ (ជិះកម្សាន្ដ និងជំនាញ), បាល់ទះឆ្នេរខ្សាច់ និងកីឡាជ្រើសរើសបុរសខ្លាំងជាដើម។

គួរបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះ គ្រោងប្រារព្ធពិធីសម្ពោធផ្លូវការនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃខួបលើកទី ២០ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ ឈ្នះ (ឆ្នាំ១៩៩៨-២០១៨) របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ ប៉ុន្ដែដើម្បីអបអរពិធីជាប្រវត្តិសាស្ដ្រនេះ គណៈកម្មការអន្ដរក្រសួង បានសម្រេចរៀបចំកម្មវិធីរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ដោយមានការរៀបចំសកម្មភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ដែលនឹងត្រូវរៀបចំចាប់ពីព្រឹក រហូតដល់ព្រលប់រៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជូនទស្សនីយភាពប្លែក និងភាពសប្បាយរីករាយដល់អ្នកចូលរួមនាឱកាសនោះ៕