ខ្មែរប៉ុស្ដិ៍ Close

អូឡាំពិកកម្ពុជា អំពាវនាវឱ្យសហព័ន្ធកីឡាជាតិ និងមហាជនចូលរួម «ទិវាអូឡាំពិក»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 67
អូឡាំពិកកម្ពុជា អំពាវនាវឱ្យសហព័ន្ធកីឡាជាតិ និងមហាជនចូលរួម «ទិវាអូឡាំពិក» អូឡាំពិកកម្ពុជា អំពាវនាវឱ្យសហព័ន្ធកីឡាជាតិ និងមហាជនចូលរួម «ទិវាអូឡាំពិក»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់សហព័ន្ធកីឡាជាតិនានា ក៏ដូចមហាជនទាំងអស់សូមចូលរួមអបអរសាទរ “ទិវាអូឡាំពិក” ដោយគ្រាន់តែបង្ហោះផ្ទាំងបដា ក្នុងទំព័រគណនីសង្គមរបស់សហព័ន្ធជាតិ និងផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះទាំងអស់គ្នា។

លោកអគ្គលេខាធិការសូមលើកទឹកចិត្តឱ្យសហព័ន្ធ យុវជន មហាជននានាចូលរួមផ្សព្វផ្សាយទិវាអូឡាំពិក ពិភពលោកនេះឱ្យទូលំទូលាយ ដើម្បីចូលរួមគាំទ្រដល់ចលនាអូឡាំពិកនៅកម្ពុជា ឱ្យកាន់តែជ្រួតជ្រាបដល់ស្រទាប់មហាជន និងឈ្វេងយល់អត្ថន័យ នៃឧត្តមគតិអូឡាំពិកសម្រាប់មនុស្សជាតិទូទៅ ។ ជាមួយនឹងការចូលរួមនេះ លោកស្នើឱ្យសហព័ន្ធកីឡាជាតិទាំងអស់ ក៏ដូចជាកីឡាករ កីឡាការិនី គ្រូបង្វឹក បញ្ជ្រាបការផ្សព្វផ្សាយបន្ថែមទៀតផងដែរ នូវផ្ទាំងស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៃដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់ថា ទិវាអូឡាំពិក គឺជាព្រឹត្តិការ ណ៍ប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន ប្រធាន NOCC ។ ជារៀងរាល់ឆ្នាំ អូឡាំពិកអន្តរជាតិ តែងតែដាក់ចេញ ឱ្យបណ្តាប្រទេសនានានៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរម្លឹកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិនៅលើពិភពលោក ឱ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត សកម្មភាពកីឡា។

នៅក្នុងការរម្លឹកគុណនៃទិវាអូឡាំពិកនេះ NOCC នឹងប្រារព្ធពិធីដ៏ពិសេសមួយ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឱ្យបណ្តាប្រទេសនានាជុំវិញពិភពលោកឱ្យធ្វើដូចៗគ្នា ដូចជា ការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។

ដូច្នេះមានន័យថា ទិវាអូឡាំពិកនេះ នឹងបំផុសឱ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឱ្យបានខ្លាំងក្លាក្នុងបរិបថថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។ «ដូច្នេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឱ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។ «យើងនឹងរួមគ្នាហាត់ប្រាណតាមប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនី អូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់លោក វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល, ទ្រីយ៉ាត្លុង, ទោចក្រយាន, ហុកគី, កាយសម្ព័ន្ធ, ហែលទឹក, អត្តពលកម្ម, ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី ៕