ខ្មែរប៉ុស្ដិ៍ Close

NOCC ត្រៀមលក្ខណៈកាន់តែពិសេស ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
NOCC ត្រៀមលក្ខណៈកាន់តែពិសេស ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ NOCC ត្រៀមលក្ខណៈកាន់តែពិសេស ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ

នៅសល់ពេលតែ ២៥ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ នឹងចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី១៦ ខែមិថុនាខាងមុខ។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានត្រៀមបង្កលក្ខណៈកាន់តែពិសេស ដើម្បីធានាសុវត្ថិភាពអ្នករត់ និងចូលរួមសម្អាតបរិស្ថាន ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយសារប្រទេសជាតិមានសន្ដិភាព ការអភិវឌ្ឍ រីកចម្រើន និងសប្បូរសប្បាយរុងរឿង បានធ្វើឲ្យសន្ទុះនៃការចុះឈ្មោះ មានកំណើនគួរឲ្យកត់សម្គាល់។ ហេតុនេះគណៈកម្មការរៀបចំក៏បានសហការជាមួយក្រុមការងារស្ម័គ្រចិត្តជាច្រើនរយនាក់ ដើម្បីត្រៀមចូលរួមសម្រួលការងារផ្សេងៗ ពិសេសធានាសុវត្ថិភាពជូនអ្នករត់តែម្ដង។

លោកថា «ឆ្នាំនេះ ក្រុមការងារយើង នឹងពង្រឹងបន្ថែមលើគុណភាព និងសុវត្ថិភាពរបស់អ្នករត់តាមផ្លូវ តាមរយៈការប្រើប្រាស់កម្លាំងស្ម័គ្រចិត្តរាប់រយនាក់។ មួយទៀត ការសម្អាតបរិវេនផ្លូវរត់ ក្រោយរត់ចប់ យើងនឹងមានចាត់វិធានការភ្លាមៗ សម្រាប់ក្រុមការងារស្ម័គ្រចិត្តគ្រប់ផ្លូវ នឹងចាប់ផ្ដើមសម្អាតគ្រប់ទីកន្លែងទាំងអស់ ដើម្បីសម្អាតបរិស្ថាន ស្របតាមពាក្យស្លោកយើង គឺរត់ ដើម្បីទីក្រុងស្អាត និងបៃតង»។

គិតត្រឹមថ្ងៃទី២៣ ខែឧសភានេះ មានអ្នកចុះឈ្មោះប្រមាណជាង ៣,០០០នាក់ហើយ ដែលមកពីជាង ២០ប្រទេសលើពិភពលោក។ ប៉ុន្ដែគណៈកម្មការនឹងបន្ដទទួលពាក្យរហូតដល់កៀកថ្ងៃរត់ ពិសេសចាប់ពីថ្ងៃទី៧-១៥ ខែមិថុនា NOCC នឹងមានរៀបចំកន្លែងទទួលពាក្យផ្ទាល់ នៅមុខព្រះរមរាជវាំង ដែលជាទីកន្លែងចាប់ផ្ដើមចេញដំណើរទៀតផង។ ដូច្នេះលោក វ៉ាត់ ចំរើន បានអំពាវនាវប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីងាយស្រួលក្នុងការរៀបចំផងដែរ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, រត់ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣, រត់ដើម្បីផ្សព្វផ្សាយទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕

អត្ថបទទាក់ទង