រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ពុជា ២០១៥-២០២៥
នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀត ណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុខស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមមួយចំនួនដូចខាងក្រោម៖
ទី១. រាជរដ្ឋាភិបាលបាន និងកំពុងជំរុញការសម្របសម្រួលពាណិជ្ជកម្ម ដោយត្រៀមដាក់ឱ្យអនុវត្តនូវបញ្ជចេញចូលតែមួយ, ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនីតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ, កាត់បន្ថយនូវថ្លៃសេវាទាំងផ្លូវការ និងមិនផ្លូវការនានា និងកែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទ្វារអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ និងចូល។
ទី២. នៅលើការតភ្ជាប់ផ្នែកទន់ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីក និងបានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយពង្រីកផ្លូវជាតិទាំងអស់ ឱ្យទៅជាបួនគន្លង ជាពិសេសផ្លូវជាតិ ដែលតភ្ជាប់ទៅនឹងប្រទេសជិតខាង, កសាងកំពង់ផែសមុទ្រទឹកជ្រៅរហូតដល់ជម្រៅទឹក ១៤ ម៉ែត្រ និងកសាងផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិ។ ការកសាងទាំងនេះនឹងសម្រេចរួលរាល់ក្នុងរយៈពេលឆាប់ៗខាងមុខ។
ទី៣. ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី រាជរដ្ឋាភិបាលបានសម្រេចថា ថ្លៃអគ្គិសនីនឹងត្រូវបញ្ចុះបន្ថែមទៀតជាបណ្តើរៗចាប់តាំងពីឆ្នាំ ២០១៩ នេះតទៅ ក៏ដូចធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ ដើម្បីលើកកម្ពស់ភាពទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មប្រើប្រាស់ម៉ាស៊ីនទំនើប និងការផ្សាភ្ជាប់ជាមួយនឹងខ្សែសង្វាក់តម្លៃក្នុងតំបន់។
ទី៤. រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារ SME និងអនុវត្តគោលនយោបាយជម្រុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់វិស័យ SMEs ជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចនិងគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មនិងសេវាកម្ម រួមទាំងបានរៀបចំមូលនិធិគម្រោងអភិវឌ្ឍសហគ្រិនភាពកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់វិនិយោគគិនស្រប តាមការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច រាជរដ្ឋាភិបាលកំពុងបញ្ចប់វិសោធនកម្មច្បាប់ស្តីពីវិនិយោគ, អនុម័តច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និងធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដោយគិតគូរបន្ថែមផ្តល់ការលើទឹកចិត្តឆ្លាតវៃ, ការបណ្តុះបណ្តាល, ការប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប៕