ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ (ICCច-Angkor) នាសាលសន្និសីទសុខាសៀមរាប បានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីនៅក្នុងទីក្រុងអង្គរធំ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានអាយស៊ីស៊ី-អង្គរ រួមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនទៀត។

ពិធីនេះត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jeong Yungil នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តំណាងឱ្យភាគីកូរ៉េ។ តាមខ្លឹមសារនៃអនុស្សារណៈ គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរីមានរយៈពេល ៥ឆ្នាំ ដោយអនុវត្តការងារពីឆ្នាំ២០១៩ ដល់ ២០២៣ ដែលប្រើប្រាស់ថវិកាសរុប ៧លានដុល្លារ។

សូមបញ្ជាក់ថា ការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១ បានបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦-២១ កញ្ញា ២០១៨ អ្នកជំនាញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។

ភារកិច្ចសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជាំ សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូ ជួសជុលផ្នែកខ្លះនៃលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុលក្នុងគម្រោង ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា៕

អត្ថបទទាក់ទង