ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបន្តអបអរសាទរខួប២៥ឆ្នាំដោយធ្វើបទបង្ហាញនិងតាំងពិព័រណ៍រូបភាពនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 207

ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។

ទន្ទឹមនឹងពិព័រណ៍រូបថត អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំធ្វើបទបង្ហាញគន្លឹះមួយចំនួនពាក់ព័ន្ធនឹងដំណើរការអាជ្ញាធរជាតិអប្សរា ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ ការគ្រប់គ្រងនិងរៀបចំលំនៅដ្ឋានក្នុងរមណីយដ្ឋានអង្គរ ការចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការពារបេតិកភណ្ឌ ការលើកតម្លៃជាសាកលនៃរមណីយដ្ឋានអង្គរ និងជាពិសេស ការចាត់ចែងទឹកពីបុរាណ ការបាត់បង់និងការអញ្ជើញព្រលឹងទឹកមកសណ្ឋិតវិញ ដែលបទបង្ហាញទាំងនេះនឹងធ្វើឡើងដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញផ្សេងៗទៀត។

ន័យដូចខាងលើ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រះសង្ឃ អ្នកសារព័ត៌មាន សិស្ស និស្សិត អ្នកស្រាវជ្រាវ ដែលមានបំណងចង់សិក្សាស្វែងយល់ពីអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ ចូលរួមឱ្យបានច្រើនកុះករ៕

អត្ថបទទាក់ទង