សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងទ័ពអព្យាក្រឹត្យ ចំពោះមុខបក្សនយោបាយ ប៉ុន្តែមិនអាចអព្យាក្រឹត្យចំពោះរាជរដ្ឋាភិបាលទេ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា កងទ័ពរបស់ប្រទេសកម្ពុជា នឹងអព្យាក្រឹត្យតែចំពោះគណបក្ស នយោបាយប៉ុណ្ណោះ ប៉ុន្តែមិនអាចអព្យាក្រឹត្យចំពោះរាជរដ្ឋាភិបាលនោះទេ ពីព្រោះកងទ័ពត្រូវបានបង្កើតឡើង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងស្ថានភាពនៃប្រទេសកម្ពុជាយើង អនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺយើងអព្យាក្រឹត្យចំពោះមុខបក្សនយោបាយទាំងអស់ ដូចជា ការដាក់ការការពារសម្រាប់គណបក្សកាន់អំណាច ឬបក្សមិនកាន់អំណាចគឺការពារឱ្យទាំងអស់គ្នាស្មើៗគ្នា ប៉ុន្តែកងទ័ព ឬកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនអាចអព្យាក្រឹត្យចំពោះមុខរវាងម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតបក្សនយោបាយទេ»។
ការក្រើនរំលឹកជាថ្មីរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស បានអំពាវនាវញុះញង់ ដោយខុសច្បាប់ជាថ្មីម្តងទៀត កាលពីម្សិលមិញ ដើម្បីឱ្យកងទ័ពឈរនៅអព្យាក្រឹត្យ ហើយកុំស្តាប់តាមការបង្គាប់បញ្ជារបស់មេបញ្ជាការ ក្នុងជួររាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «កងទ័ព ឬកងកម្លាំងប្រដាប់អាវុធ បង្កើតឡើងដើម្បីការពាររដ្ឋ ដូចទេគ្មានទេអព្យាក្រឹត្យនៅទីនេះ។ បើសិនជាធ្វើខុស រដ្ឋបញ្ជាកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្រ្កាប ឬក៏ទប់ស្កាត់នូវអំពើណាដែលលេចចេញអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ»។
សម្តេចបានបន្ថែមថា «គុកគេបង្កើតឡើងដើម្បីដាក់អ្នកខុស ហើយអ្នកទៅដាក់ខ្នោះអ្នកខុស គឺកម្លាំងនគរបាល ឬអាវុធហត្ថនេះតែម្តង ដូច្នេះចំណុចនេះ ត្រូវយល់ឱ្យច្បាស់មិនត្រូវយល់ច្រឡំចំពោះ អព្យាក្រឹត្យចំពោះមុខបក្សនយោបាយ និងអព្យាក្រឹត្យរវាងរដ្ឋ និងបក្សនយោបាយទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាល ដែលចេញមកពីការបោះឆ្នោតមានសិទ្ធិបញ្ជាទៅលើ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំមិនមែនបញ្ជាកងទ័ពកងទ័ព នៅក្នុងក្របខណ្ឌប្រធានគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែខ្ញុំបញ្ជាកងទ័ពក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ បាញ់, នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងមេដឹកនាំដទៃទៀត មិនមែនបញ្ជាកងទ័ពក្នុងនាមគណបក្សប្រជាជនទេ ប៉ុន្តែបញ្ជាកងទ័ពក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ ក្នុងនាមជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ»។
យ៉ាងណាមិញ នាពេលកន្លងទៅ បន្ទាប់ពីមានការអំពាវនាវដោយទណ្ឌិត សម រង្ស៊ី រូបនោះ កងទ័ពជាច្រើននៅតាមតំបន់នានាគ្រប់ភូមិភាគ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំង ហើយចេញមុខថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៊ី គ្រប់ៗគ្នា។ កងទ័ពបានចាត់ទុកថា ការអំពាវនាវបែបនេះ គឺជារឿងខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ហើយមិនអាចអត់ឱនឱ្យបានទេ។
ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីកាត់ទោស លោក សម រង្ស៊ី តាមផ្លូវច្បាប់ផងដែរ ពាក់ព័ន្ធនឹងបទល្មើស ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ ដែលខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ៕