ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការ

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងហ្វេសប៊ុកនូវការអបអរសាទរទិវាជនពិការ ៣ធ្នូ ដោយបានបញ្ជាក់ថា ទិវាជនពិការ ថ្ងៃ៣ធ្នូ ត្រូវប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួលដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឱ្យគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឱ្យចូលបម្រើការងារ ការហ្វឹកហ្វឺនផ្នែកផ្សេងៗជាច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាលដោយផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព សមត្ថភាព និងការការពារជនពិការ ជាដើម។ ក្នុងនោះរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅដ្ឋានជូនជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។ រដ្ឋាភិបាល ក៏បានរៀបចំបង្កើតឲ្យមានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការភ្នែក និងជនពិការគថ្លង់ ព្រមទាំងបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។ល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវផងដែរដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម៕

អត្ថបទទាក់ទង