ក្រុមអ្នកជំនាញការពិសេសនៃ ICC-Angkor ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូដែលជាអ្នកជំនាញការចំពោះមុខទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ដោយចីរភាព ក្នុងតំបន់អង្គរ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ចំនួន០៤រូប និងក្រុមការងារអាជ្ញាធរជាតិអប្សរា បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ឈិន សុភា មន្ត្រីជំនាញនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជម្រាបពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដើម្បីបម្រើដល់ការសិក្សាស្រាវជ្រាវ ការអភិរក្សកេសរកូល ការអប់រំផ្សព្វផ្សាយ និងការកំសាន្ត។ ក្នុងនោះដែរ មជ្ឈមណ្ឌលបានប្រមូលពូជកេសរកូលព្រៃបានចំនួន៧៤ប្រភេទ និង៣ប្រភេទមិនទាន់អាចកំណត់អត្តសញ្ញាណបានដោយរង់ចាំចេញផ្កា។
ក្រុមអ្នកជំនាញការពិសេសនៃ ICC-Angkor បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយដែលព្រះរាជាណាចក្រកម្ពុជា រៀបចំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលនេះឡើង និងគាំទ្រដល់គោលនយោបាយអភិរក្សក្រៅដែនធម្មជាតិ ដែលជាផ្នែកមួយនៃការបញ្ចូលតំបន់ភ្នំគូលែនជាបេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ។
សូមជម្រាបផងដែរថា ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ក៏មជ្ឈមណ្ឌលនេះទទួលបានការចាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវទាំងថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូដែលអញ្ជើញមកពី ១១ប្រទេសក៏បានធ្វើទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលផងដែរ៕