លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ៧០២នាក់ នៅខេត្តកណ្តាល
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល រួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃ ឧបត្ថម្ភដល់ដល់កូនក្មួយ ស្ត្រីកម្មការិនីមានផ្ទៃពោះ ៧០២នាក់ ដើម្បីទុកដោះស្រាយពេលសម្រាលកូន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺ នឹងតម្លើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ ខាងមុខប្រាក់ខែកម្មករនឹងឡើងដល់១៨២ដុល្លារ ដែលនឹងត្រូវបើក២ដងក្នុង១ខែផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះ ហើយលោកក៏បានអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕