ខ្មែរប៉ុស្ដិ៍ Close

លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះចែករង្វាន់សិស្សពូកែ និងចែកអំណោយសិស្សក្រីក្រក្នុងវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស

ដោយ៖ សន បទុម ​​ | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 61
លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះចែករង្វាន់សិស្សពូកែ និងចែកអំណោយសិស្សក្រីក្រក្នុងវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះចែករង្វាន់សិស្សពូកែ និងចែកអំណោយសិស្សក្រីក្រក្នុងវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស

កាលពីព្រឹក​ថ្ងៃសុក្រ ០៥រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានចុះមកចែករង្វាន់ដល់សិស្សពូកែ និងចែកអំណោយដល់សិស្សក្រីក្រជួបការលំបាកដែលលោកធ្លាប់បានធ្វើរួចម្តងហើយកាលពីឆ្នាំ២០១៦ និងសន្យាធ្វើបន្តជារៀងរាល់ឆ្នាំចំពោះកូនក្មួយសិស្សានុសិស្សនៃវិទ្យាល័យ សម្តេចហ៊ុនសែន​ ព្រែកកំពឹសទំាងមូល។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថានៅពេលណាដែលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេសA លោកនឹងផ្តល់ជូន ម៉ូតូហុងដាសេរីថ្មី០១គ្រឿង កុំព្យូទ័រយួរដៃ(Laptop)០១គ្រឿង ថវិកា៤០ម៉ឺនរៀល សម្រាប់សិស្សនិទ្ទេសB លោកនឹងផ្តល់ជូននូវ កុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា៤០ម៉ឺនរៀល តែចំពោះសិស្សប្រឡងមធ្យមសិក្សាបឋមភូមិដែលបានចំណាត់ថ្នាក់លេខ១ប្រចាំសាលា លោកនឹងផ្តល់ជូន កុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា៤០ម៉ឺនរៀល និងសិស្សបានចំណាត់ថ្នាក់លេខ២ លោកនឹងផ្តល់ជូនកុំព្យូទ័រយួរ​ដៃ០១គ្រឿងផងដែរ។

គួររំលឹកថា​ កាលពីឆ្នាំ២០១៦ គឺមានសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស ចំនួន០៤នាក់ បានទទួលម៉ូតូ០១គ្រឿង កុំព្យូរទ័រយួរដៃ០៤គ្រឿងនិងថវិកា១ លាន២សែនរៀល ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ តែក្នុងឆ្នាំ២០១៧នេះ គឺមានសិស្សចំនួនតែ០៣នាក់ប៉ុណ្ណោះ ដែលទទួលបានរង្វាន់លើកទឹកចិត្ត ជាកុំព្យូទ័រ ០៣គ្រឿងនិងថវិកា៨០ម៉ឺនរៀលពីលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង រួមមានសិស្សមធ្យមសិក្សាទុតិយភូមិ និទ្ទេសBម្នាក់ និងសិស្សបឋមភូមិ ដែលមានចំណាត់​ថ្នាក់លើគេ ចំនួន០២នាក់។

ព្រមជាមួយគ្នានេះ សិស្សក្រីក្រជួបការលំបាក ចំនួន​៥១នាក់បន្ថែមពីលើសិស្សចាស់៦៣នាក់ ក៏ទទួលបានការជួយឧបត្ថម្ភពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ ដោយក្នុងម្នាក់ៗទទួលកង់មួយ កាបូបស្ពាយមួយ សម្ភារៈសិក្សាមួយឈុត និងថវិកា៥ពាន់រៀល។ ក្រៅពីនេះ លោកឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧត្ថម្ភថវិកា ជូនដល់ លោកគ្រូអ្នកគ្រូ ទូទាំងវិទ្យាល័យ សម្តេចហ៊ុនសែន​ ព្រែកកំពឹស ក្នុងម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំង ឪពុកម្តាយអាណាព្យាបាលសិស្ស យុវជន ស.ស.យ.ក កម្លាំងការពារសន្តិសុខ អាវុធហត្ថ នគរ​បាល ប្រជាការពារ ក្រុមភ្លេងឆៃយ៉ាំសិស្ស ក៏ទទួលបានថវិកាដូចៗគ្នា។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវបេតុងក្នុងសាលា ចូលទៅកាន់អាគារសិក្សាចំនួន០៤ខ្សែ ដែលលោកបានឧបត្ថម្ភការកសាងទាំងស្រុងកន្លងមក និងសន្យាជួយកសាងបន្ថែម តាមសំណូមពរលោកនាយកសាលាចំនួន០១ខ្សែរទៀតផងដែរ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍រស់នៅនាំទៅរកភាពជោគជ័យ ដែលលោកចាត់ទុកថាជាមេរៀនដែលនៅក្នុងសាលារៀន ឬ សាកលវិទ្យាល័យ មិនមានបង្រៀនជូនដល់កូនក្មួយសិស្សានុសិស្ស ទាំងអស់ទុកជាគតិសម្រាប់ពិចារណា និងបានថតរូបអនុស្សាវរីយ៍ ជាមួយកូនក្មួយសិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕

 

អត្ថបទទាក់ទង