ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ មិនឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយក្នុងវិបត្តិកូវីដ-១៩ទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ មិនឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយក្នុងវិបត្តិកូវីដ-១៩ទេ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ មិនឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយក្នុងវិបត្តិកូវីដ-១៩ទេ

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ក្នុងនាមលោកជា មេបញ្ជាការថា លោកមិនបណ្តោយឱ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ដាច់បាយជាដាច់ខាត។ ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ។ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នាដោយសិល្បៈចែករំលែក។

ដោយអនុវត្តតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី០២ ខែឧសភា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញស្បៀងចម្រុះ រួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស សម្រាប់ ៣០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង (៥០គ.ក្រ) មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងយប់ ដើម្បីយកទៅចែកជូន បន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្តថា ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃក្នុងអង្គភាពខ្លះ។ លោកសូមធ្វើការបែងចែកជូនដល់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមយកទៅផ្តល់ជូនដល់មុខសញ្ញាខ្វះខាតជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ សូមកុំភ្លេចអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ៕

អត្ថបទទាក់ទង