ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២០

នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង​ និងអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវការតស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដ៏មានសារសំខាន់នេះ។

ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបាន ឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ក្នុងរយៈ​ពេល៤៥ ឆ្នាំកន្លងមក។

ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍ និងគាំទ្រចំពោះការចេញ ផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួប លើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួល ផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែល ត្រូវបានអនុម័តកាលពីខែសីហាឆ្នាំ២០១៧ ឲ្យបានពេញ លេញ និងប្រកបដោយប្រសិទ្ធភាពសំដៅ ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងជប៉ុន បានសំដែងនូវការរីករាយដោយបានឃើញកំណើននៃទំហំពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់ រហូតដល់ ២១៧,៩ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន។

ដូចគ្នា និងបណ្តាមេដឹកនាំអាស៊ានដទៃ​ទៀតនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្មារតីនៃការបង្កើនទំហំ ក៏ដូចជាពង្រីកវិសាលភាពនៃពាណិជ្ជកម្មអាស៊ាន ជប៉ុន កម្ពុជាសូមស្វាគមន៍ការចុះហត្ថលេខាលើពិធី​សារទី១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រម​ព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំ ទូលាយរវាងអាស៊ាន និងជប៉ុន។

លើសពីនោះទៅទៀត កម្ពុជាសូមវាយ​តម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ាន តាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្ត ផែនការមេតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាត់អភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសការគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងការលើកកម្ពស់ទំនា​ក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន ក៏បានកោតសរសើរចំពោះការគាំទ្ររបស់ ជប៉ុន ដល់មជ្ឈភាពអាស៊ាន និងបានកត់ សំគាល់នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីក បើកទូលាយ និងចំហបស់ជប៉ុន ព្រម ទាំងបានលើកទឹកចិត្តឲ្យបន្តកិច្ចសន្ទនា ដើម្បីបង្កើតការយោគយល់ឲ្យកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១នោះដែរ មេដឹកនាំនៃប្រទេសអាស៊ាន ជប៉ុន បានឯកភាពគ្នា ក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១។ សេចក្តីប្រកាសរួមកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៤៥ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន។ របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការចក្ខុវិស័យ អំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន និងពិធីសារទី១ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋ កិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន៕

អត្ថបទទាក់ទង